Archive for the ‘Uncategory’ category

សភាប្រគល់អភ័យ ឯកសិទ្ធិដល់ លោកសម រង្ស៊ី វិញ

March 17th, 2009

សូមអានបន្ត

http://www.kohsantepheapdaily.com.kh/khmer/give17_03.htm

មច្ឆាក្លែងខ្លួន

January 24th, 2009

គ្រឿងផ្សំ
ត្រីរ៉ស់ ឬត្រីឆ្តោរ សាច់ជ្រូក (សាច់លាយខ្លាញ់) ខ្លាញ់រាវ ម្រេច អំបិល ខ្ទឹមស ខ្ទឹមក្រហម ទឹកត្រី ស្ករ ម្សៅស៊ុប ម្សៅមី សាឡាដ ស្លឹកវ៉ាន់ស៊ុយ ។
វិធីធ្វើ
១-យកត្រីរ៉ស់សកស្រកាឲ្យស្អាត លើយយកស្បែកចេញ (កុំឲ្យរហែក) ចំណែកសាច់យកទៅ ចិញ្ច្រាំលាយជាមួយសាច់ជ្រូក ខ្ទឹមស ខ្ទឹមក្រហម ចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ម្សៅមីបន្តិច ច្របល់ចូលគ្នាឲ្យសព្វ។
២-យកស្បែកត្រីស្លាតដាក់សាច់ខ្ចប់ជារាងបួនជ្រុងឲ្យជិតល្អ ទើបចងខ្សែឲ្យជាប់ ដាច់ចៀននិង ខ្លាញ់ឲ្យឆ្អិន ។
៣-សាឡាដបេះធាងលាងទឹកឲ្យស្អាត រៀបដាក់លើចានសំប៉ែត ហើយយកត្រីចៀននោះកាត់ជា កង់ៗ ដាក់ពីលើរោយស្លឹកវ៉ាន់ស៊ុយជាការស្រេច ។

ប្រភពពី  http://www.khmeronline.info/food/food_1.html

រឿងចចក

January 24th, 2009

កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ ត្រីស៊ី ។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ឋតែភក់ មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ ។ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា ” ថ្ងៃនេះអញមានលាភធំ ណាស់ ជាលាភចំឡែកជាងសព្វៃថ្ង” ។ ឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នេះហើយ ក៏និយាយលួងលោម ចចកថា ” យើងទាំងអស់គ្នាសុទ្ឋតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូច្នេះមិនធ្ងាញ់ពិសាទេ ” ចចកធ្លើយថា ” ធ្វើដូចម្តេចនឹងឆ្ងាញ់ពិសា?។ កំពឹសថា ” ត្រូវបងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីទើបឆ្ងាញ់ពិសា? ។ ចចកថា “ធ្វើដូចម្តេចនឺងយកទៅលាងទឹកបានបើច្រើនដល់ម្លេះ? ។ កំពឹសថា “បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យ បងឯងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំ” ។ ចចកឆ្លើយថា “បងឯងធ្វើដូចម្តេចក៏ខ្ញុំតាមទាំងអស់។ បើ ដូច្នេះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯងចុះមក ដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឹងបានតោងខាំរោមបងឯង បងនាំយើងទៅរកស្ទឹងបឹងបួរ ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ” ។ ឯចចក ជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស។ កំពឹស នឹងត្រីបបួលគ្នា តោងរោមចចកទៅ លុះទៅ ដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថា “បងចចកឯង ទៅជញ្ចូនមកឲ្យអស់សិនសឺមមកស៊ីឲ្យឆ្អែតតែម្តង យើងនៅចាំបងនៅទីនេះ” ។ ចចកក៏ទៅ ជញ្ចូនត្រីនឹងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះ។ ពួកត្រី ក្តាម ខ្ចង ដឹងថាចចកជញ្ចូនអស់ហើយនាំគ្នា មុជក្នុងទឹកជ្រៅបាត់អស់។ ឯចចកដឹងថាកំពឹសបញ្ឆេតដូច្នេះខឹងណាស់ ដើរទៅបបួលអស់សត្វធំតូច ដំរី រមាសខ្លា គ្រប់ភាសាសត្វទាំងពស់ថ្លាន់ ពស់ធំ ពស់តូច ទាំងអស់បបួលគ្នាមកបាចទឹកបឹងនោះឲ្យរីង នឹង ចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់ ចចកបានឲ្យពស់ថ្លាន់ធ្វើទំនប់ទឹក អស់សត្វឯទៀតក៏បបួលគ្នាបាច។ សត្វ ក្នុងបឹងដឹងថា ចចកបបួលគ្នាបាចទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថា “ខ្ញុំឮគេនិយាយថា បងសុភា ទន្សាយជាអ្ម្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់ បើដូច្នេះខ្ញុំនិងទៅពឹងបងសុភា ទន្សាយឲ្យមកជួយដោះទុក្ខអស់យើង” ។ ពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញឲ្យទៅអញ្ចើញសុភា ទន្សាយ។ ត្រីក្រាញ់ប្រឹងននៀលទៅលុះដល់ត្រូវថ្ងៃក្រៀមស្រកាអស់ ដល់យប់សុភាទន្សាយចេញមករកស៊ី បានឃើញត្រីក្រាញ់ននៀលដូច្នោះក៏សួរថា “បងត្រីក្រាញ់ទៅណា?” ត្រីក្រាញ់ឃើញសុភាទន្សាយហើយ មានចិត្តត្រេកអរណាស់និយាយអង្វរថា “បងសុភាទន្សាយអាណិតខ្ញុំ ដ្បិតត្រីទាំងអស់ក្នុងបឹង គេប្រើឲ្យខ្ញុំ អញ្ចើញបងសុភាទៅដ្បិតឮទាំងមនុស្សនិយាយថា បងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខគេ បើអ្នក ឯណាកើតទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខាន ឥឡូវមាន ដំរី ក្របី គោ រមាស រមាំង ជ្រូក ពស់ធំ ពស់តូច ទាំងសត្វហើរគឺ កុក ក្រៀល ចង្ក្រៀលខ្យង ទុង ទោម ក្អែកទឹក ប្រវឹក ស្មោញ ទាំងប៉ុន្មាន បានបបួលគ្នាមកបាចទឹកបឹងឲ្យរីងនិងបានចាប់អស់ត្រី អណ្ដើក កន្ឋាយ ស៊ីជាចំណីឲ្យអស់ពីក្នុងបឹងនេះ គេឲ្យពស់ថ្លាន់ ពស់តូច ធ្វើជាទំនប់ទប់បឹងនេះឯង បើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់ បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្តងនេះនិងបានល្បីកេរ្តិ៍ឈ្មោះតទៅ អស់យើងនឹងតបគុណបងសុភាទន្សាយឯង យើងមិនភ្លេចគុណដ៏រាបអស់ជីវិត” ។ ឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថា “បងត្រី ក្រាញ់ទៅមុនចុះ ទៅប្រាប់បងប្អូនកុំឲ្យភ័យភិតចាំជួយដោះឲ្យរួចកុំបារម្ភឡើយ” ។ ត្រីក្រាញ់ក៏ត្រឡប់ ទៅវិញ។ ឯទន្សាយលុះព្រឹកព្រហ៊ាមឡើងទៅមាត់បឹងទៅឃើញអស់សត្វកំពុងតែបាចទឹក ក៏យកស្លឹក ឈើដែលដង្កូវស៊ីធ្លុះៗមកធ្វើជាសំបុត្រ ហើយស្រែកហៅអស់សត្វទាំងនោះថា “នែ! បងប្អូនទាំងអស់គ្នា ចាំស្តាប់ខ្ញុំ ដ្បិតព្រហ្មឥន្ទ្រឲ្យខ្ញុំនាំសំបុត្រមកប្រាប់គ្រប់គ្នាថា ព្រះឥន្ទ្រលោកនិងមកកាច់ជើងត្រុំ ប្រមុំ ជើងអក កាច់ក្បាលចចក ដកភ្លុកដំរីស” ។ អស់សត្វឮថា សំបុត្រព្រះឥន្ទ្រដូច្នោះ ភ័យណាស់ផ្អើល ជាន់លើគ្នា ដំរី ក្របី រមាស រមាំង ស្ទុះបោលទៅជាន់លើពស់ថ្លាន់ជាទំនប់ ដាច់ខ្លួនជាពីរបីកំណាត់ ធ្លាយទំនប់លិចទឹកស្លាប់អស់ ។ សត្វទាំងនោះក៏ជាចំណីត្រីវិញ។
តាំងអំពីថ្ងៃនោះមក អស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយសុភាទន្សាយជាគ្រូបាអាចារ្យ ជាគ្រូ បាអាចារ្យទាំងអស់គ្នា។

ប្រភពពី http://www.khmeronline.info/update/book02/preng_4.htm

រឿងកូន៤នាក់មិនបំរើឪពុក

January 24th, 2009

ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើគាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។
ក្រោយពីពេលដែលប្រពន្ឋអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ឋទៀតទេ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចំអិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ឋឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់ មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។
លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ឋឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា ។ តមកគាត់ រៀបការកូនទី៣ ចែកទ្រព្យមួយចំណែកឲ្យទៀត ។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នា។ដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូច្នេះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញ ហូតដល់ស្លាប់ ប៉ុន្តែគំនិតគាត់គិតនេះខុសស្រឡះ ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រលាញ់បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ ។
លុះបានប្រពន្ឋមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផ្សេងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀប រមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា ។
កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថ្ងៃ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយានៅផ្ទះអាងតែប្តីមិននៅ និងអាចមាន កូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកក្មេក ដោយមេខ្លះគិតថា ប្រហែលប្អូនគេឲ្យហើយ មេខ្លះគិតថា បងឯណេាះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូច្នេះតែរៀងៗខ្លួន យូរៗថ្ងៃទៅតានោះអត់បាយ ១ពេលក៏មាន ២ពេលក៏មាន ។
វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះ បានស្តីបន្ទោសប្រពន្ឋ នាងភរិយាខ្លះដោះសាថា កូនឈឺ ខ្លះថាខ្លួនពុំនៅ ជាប់រវល់ទៅជួយញាតិជិតខាង ស្រេចតែមេប្រពន្ឋវាដឹកមុខយ៉ាងណា ប្តីតាមវាទាំងអស់ ។ ចំណែកតា ពោះម៉ាយ អត់បាយគ្មានសំពត់អាវស្លៀកពាក់ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និង លក់ផ្ទះចាស់ៗពុំបានថ្លៃប៉ុន្មានផង ហើយគ្មានជ្រកនៅផង ។កាលនោះមានបុរសម្នាក់នៅកម្លោះ មានចិត្ត សប្បុរសហើយជាអ្នករៀនសូត្រចេះដឹងច្បាប់ទម្លាប់ស្គាល់គុណទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញ តានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃពេកក៏សាកសួរថា “លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើម ជាអ្នកមានគ្រាន់បើឪពុកម្តាយខ្ញុំក៏ធ្លាប់ទីពឹងលោកតាខ្លះដែរ ម៉េចក៏ឥឡូវលោកតាវេទនាខ្លាំងម្ល៉េះ ក្រែង លោកតាមានកូនប្រុសមានកូនប្រុសៗដល់ទៅ៤នាក់ដែរ ឬ ម្តេចក៏កូននោះវាមើលបំណាំមិនថែទាលោកតា សោះ? ក្រែងទ្រព្យរបស់លោកតាមានសល់ទុកខ្លះដែរឬម្តេចបានជាលោកតាមិនយកទៅទិញគ្រឿងបរិភោគ ប្រើប្រាស់ “។តាចាស់ប្រាប់ទៅវិញថា “ឱហ្ន៎ ! លោកចៅអើយ ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើ ពិតមែនប៉ុន្តែតាអាណិតស្រលាញ់កូនពេកក៏ចែកឲ្យវាគ្រប់គ្នាអស់រលីងពីខ្លួនទៅ គិតថាឲ្យវាចិញ្ចឹមតាវិញ ឥឡូវពួកវាមានប្រពន្ឋហើយថែមទាំងមានកូនទៀត វាឃើញឯងអស់ទ្រព្យរលីងពីខ្លួន វាឥតនឹកនារកតា សោះ វាតាមតែ្របពន្ឋវាទាញទៅ ចូលករន្ឋក្តាមក៏វាចូលដែរ ខ្លួនតាសព្វថ្ងៃឈឺផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសំរក់ទឹកភ្នែកជោកខ្នើយអស់ទៅហើយ បាយព្រឹកជាបាយល្ងាចជួនកាលអត់មួយ ពេលក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើតពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែមិនរួចទៅហើយ ដូចលោក ចៅឃើញស្រាប់ តាដេកចាំតែដល់ថ្ងៃស្លាប់ទេ”។ ចៅកំលោះលាន់មាត់ថា “យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎ បើអីចឹងលោកតាកុំភ័យខ្ញុំមានឧបាយមួយធ្វើឲ្យលោកតាបានសុខកាយសប្បាយចិត្តដូចពីដើម វិញ លោកតាធ្វើតាមខ្ញុំ ឲ្យលោកតារកពាងមានមាត់តូចល្មមមួយជុះអាចម៍និងនោមឲ្យពេញហើយរក កំណាត់សំពត់រុំបិទមាត់ឲ្យជិត ជីកកប់ក្នុងដីជិតជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណាដើរមកឲ្យ លោកតានិយាយប្រាប់គេថា ខ្ញុំនៅសល់កំណប់ប្រាក់មាស១ពាងកប់ទុក ពុំទាន់ចែកឲ្យកូនណានៅឡើយ ចាំមើលកូនណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ ខ្ញុំនឹងប្រគល់ទៅឲ្យកូននោះ លោកតានិយាយប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាងប៉ុន្មានថ្ងៃខែខាងមុខនេះ កុំឲ្យលោកតាដើរសុំទានគេទៀត ចាំខ្ញុំយកបាយទឹក មកជូនពិសារ កុំព្រួយ” ។តាចាស់ក៏តាំងធ្វើតាមចៅចិត្តសប្បុរសទាំងអស់ ។ លុះបានប្រហែល៥ថ្ងៃ សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួន ក៏នាំគ្នាយកបាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមា មកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ថ្ងៃ ពុំមានខ្វះថ្ងៃណាមួយឡើយ តាចាស់បានសះជារោគមានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខ កាយសប្បាយចិត្ត តាំងពីថ្ងៃនោះមករហូតដល់អស់អាយុ ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិក អធមតាមទំនៀមរួចស្រេច ។កូនទាំង៤នាក់ និងកូនប្រសាគិតនាំគ្នាគាស់ពាងកំណប់ចែកគ្នា ប៉ុន្តែក្រែងចែក មិនស្មើភាគនាំឈ្លោះប្រកែកគ្នា ក៏ទៅរកគ្រូហ្មម្នាក់ឲ្យជួយចែក លោកគ្រូនោះទទួលព្រម ប៉ុន្តែគាត់ឮថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែកដែរ ហើយគាត់គិតក្នុងចិត្តថា “គាត់ធ្វើមេចំណែកត្រូវបានច្រើនជាងកូនចំណែកផង ” គាត់ក៏ដើររូតរះមកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយ ធំមួយមករុំ ជូតក្បាលធំទើងមើងធ្វើឲ្យខូងកណ្ដាលដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភ្នែនលើដី រាបរលីង ធ្មេចភ្នែកសង្រួមស្មឹងស្មាធិ៍ ឈរមុខត្រង់ទៅទិសខាងកើត ហើយគាត់ប្រាប់កូនទាំង៤នាក់ឲ្យទៅ គាស់យកពាងកំណប់មក ប៉ុន្តែគាត់ហាមថា កុំអាលស្រាយមាត់ពាងក្រែងខុសត្រណមចាំគាត់បង្គាប់សិន លុះយកពាងមកដល់ហើយគាត់ឲ្យកូនទាំង៤នាក់ឈរគ្រប់ទិសទាំង៤ ធ្មេចភ្នែកយកដៃទាំងអស់គ្នាចាប់ លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់ មកលើក្បាលគាត់ បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរកំណាន់ទិសនោះ បើកំណប់ណា នៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជារង្វាន់លោកគ្រូទាំងអស់។
កូនទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឲ្យល្អៀង។ ភរិយាទាំង៤នាក់ឈរកាន់កញ្ជើរៀងខ្លួន ចាំកើប ។ក្នុងពេលដែលចែកកំណប់នោះ មានអ្នកស្រុកជិតខាងទៅចាំមើលផងដែរ ។
និមិត្ត តែគេលើកពាងបិទទូលរួច ស្រាយមាត់ពាងផ្អៀងចាក់ឈូរមក “ទឹកម៉ាំត្រាំលាមកច្រើនខួប” ហូរឆស្រោចលើក្បាលលោកគ្រូពេញកំពុង ហើយខ្ចាត់បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូស ពាសពេញមុខមាត់និងសំពត់អាវ រហូតដល់នាងប្រពន្ឋទាំង៤នាក់ទៀត លោកគ្រូបានចំណែកច្រើនជាងគេ
ធុំក្លិនខ្មោះថាមិនត្រូវ គេឃើញលោកគ្រូស្រមូវៗ បាត់មុខមាត់រូបរាងអស់ ខំក្រោកឡើងសោះកគ្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល ពួកបរិស័ទក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញគ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់ និងកូនប្រសាថា “ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេអស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើនណាស់ហើយមើលទៅ បានជាកំណប់មាសប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោមប្រឡាក់ខ្លួនអញ់អស់ដូច្នេះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន” ។ លោក គ្រូនិងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ខ្លួនទៅក្នុងទន្លេប្រូងខំត្រាំទឹកលាងបាបអស់១ម៉ោងម្នាក់ៗ រួចនាំគ្នាឡេីងទៅលើផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយស្តាយក្រោយ ខ្មាសគេតកូនតចៅ ។

ប្រភពពី http://www.khmeronline.info/update/book02/preng_3.htm

រឿងព្រេងទាក់ទងនិង ដើមកំណើតសត្វផ្សោត

January 24th, 2009

កាលពីព្រេងនាយជាយូរអង្វែងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជន ទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ ។
គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ គេតែងបួងសួង បន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថា អ្នកតាម្ចាស់ស្រុក ។
មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាស្តេច នៃឈើ ។ យូរទៅមានស្រីម្នាក់មកចាប់បដិសន្ឋិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ លុះធំពេញ វ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាសបាយនំចំណី ទៅសែនជួសឪពុកម្តាយ ។ រុក្ខទេវតាក្រឡេកឃើញដូច្នេះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។ រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាងខ្លាំងណាស់ ទ្រាំពុំបានក៏ហោះទៅទូលសួរព្រះឥន្ឋតាមដំណើរ ។ ព្រះឥន្ឋទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ឋរុក្ខទេវតានេះ បានសាងប្រាថ្នាជាមួយគ្នាមកថា “ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ឋនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ” លុះចាស់រៀងខ្លួន រុក្ខទេវតានោះសុំលាទៅបួសជាតាបសអស់ជីវិតដោយខ្លួនពីគ្នាទៅ ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ឋទៅកើតជានាងទេពធីតា បែកគ្នា ទៅឆ្ងាយមិនជួបជុំ នាងប្រពន្ឋច្យុតពីទេពធីតាមកកើតជិតទីកន្លែង ដែលទេវតាជាប្តីនៅ ។
មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្ដាលឲ្យរុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង ។ តែមកពីរុក្ខទេវតានោះមានពៀរដែលគេចទៅបួសចោលប្រពន្ឋ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួប មុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា ។ ព្រះឥន្ឋសម្តែងប្រាប់រុក្ខទេវតា ដូចរៀបរាប់មកនេះ។ រុក្ខទេវតាបានដឹងសព្វគ្រប់ហើយ ក៏លាព្រះឥន្ឋមកវិញគិតពិចារណាថា “ឥឡូវនឹងទៅថ្វាយបង្គំលាព្រះឥន្ទ្រា ធិរាជសុំច្យុតទៅកើតជាមនុស្សឃើញថាការមិនគួរ ព្រោះប្រពន្ឋទៅកើតធំពេញក្រមុំទៅហើយ ហើយ សង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេ “។ ទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះ ហេតុ ដែលមានពៀរដែលគេចេទៅបួសជាតាបសមិនឲ្យឃើញមុខលុះត្រាតែសូន្យសង្ខាររៀងខ្លួន ។ រុក្ខទេវតា ព្រួយខ្លាំងណាស់ក៏ប្រថុយប្រាណ ប្រថុយប្រាណប្រថានព្រេងថា ណ្ហើយចុះអញទៅប្រាប់ប្រពន្ឋឲ្យដឹងខ្លួន អញជាប្តីគូព្រេងទៅចាប់ជាតិជារុក្ខទេវតា នាងឥតមានគូព្រេងទៀតទេ បើនាងបានដឹងថា ខ្លួនអញជាប្តី នាងមុខជាលែងយកប្តីអស់មួយជាតិនេះហើយ គិតស្រេចពេលរាត្រីស្ងាត់ក៏និម្មិតខ្លួនធ្វើជាពស់ថ្លាន់ចូលទៅ អោបរឹតនាង ! ភ្ញាក់ឡើងបំរះពុំរួច បួសថ្លាន់និយាយលួងលោមសព្វគ្រប់មិនជឿថា បើប្តីជារុក្ខទេវតា ហេតុម្តេចក៏មកជាពស់ថ្លាន់ដូច្នេះវិញ ។ រុក្ខទេវតាជាប្តីថា បើនាងមិនជឿបង បងនឹងប្រែរូបឲ្យនាងមើល។ រុក្ខទេវតាក៏ផ្លាស់រូបជាទេវតាវិញភ្លាមៗ នាងក្រឡេកឃើញក៏ស្រលាញ់ពេញចិត្ត ជឿជាក់ថា ប្តីខ្លួនជា ទេវតាមែន ព្រោះរកមនុស្សណានិងឲ្យល្អដូចពុំបាន ។ រុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិម្មិត ខ្លួនជាសត្វបែបនេះទេ មិនអាចមកនៅជិតនាងបានឡើយត្រូវតែនិម្មិតរូបជាសត្វផ្តេសផ្តាស់ទើបនៅជាមួយ នាងបាន ។ និយាយរួចនិយាយរួចនិម្មិតខ្លួនជាពស់ថ្លាន់វិញ ពស់ថ្លាន់នេះគ្រាន់តែនៅជាមួយនាងប៉ុណ្ណោះទេ ប៉ុន្តែមិនដែលរួមសង្វាស់ជាមួយនិងនាងនោះឡើយ ហើយហាមប្រពន្ឋថាកុំនិយាយប្រាប់ម៉ែឪបងប្អូននិង អ្នកស្រុកឲ្យថាជាទេវតា ឲ្យថាតែពស់ថ្លាន់ ពេលថ្ងៃបងមិននៅជាមួយនាងទេ បងមកលេងតែយប់ៗ សឹមផ្លាស់រូបជាទេវតាឲ្យឃើញម្តងៗ។ ជិតភ្លឺហើយឭមាត់និយាយគ្នា ឪពុកម្តាយចូលទៅមើលឃើញ ពស់ថ្លាន់ពេនទ្រេលពេញល្វែងផ្ទះ ក៏ភ្ញាក់ច្រឡោតស្រែក រុក្ខទេវតាភៀសខ្លួនបាត់ទៅ។ ឪពុកម្តាយហៅ កូនស្រីមកសួរ កូននិយាយសារស័ព្ទប្រាប់រឿងពីដើមចប់ដល់ចុង។
ឪពុកទាល់ប្រាជ្ញមិនដឹងធ្វើម្តេចក៏ដកដង្ហើមធំសួរកូនថា ឥឡូវពស់ថ្លាន់ទេវតាននោះទៅណាបាត់ហើយ កូនប្រាប់ថា ពេលថ្ងៃមិនមកទេ យប់ទើបមក នាងប្រាប់ឪពុកម្តាយថា ទេវតាជាប្តីហាមមិនឲ្យប្រាប់គេថា ទេវតាទេ ឲ្យថាតែពស់ថ្លាន់បានហើយ។ លុះពេលរាត្រីស្ងាត់ រុក្ខទេវតាក៏មកដល់ ប្រពន្ឋនិម្មិតរូបជាទេវតា ឲ្យនាងមើលតាមសេចក្តីសន្យា នាងក៏អុជភ្លើងភ្លឺឡើងស្ទុះទៅអោបប្តី ដោយសេចក្តីមេត្រីស្នេហា ឮមាត់ និយាយគ្នាឪពុកម្តាយចូលទៅលបមើលឃើញទេវតាល្អណាស់ ក៏ស្រលាញ់ពេញចិត្តនិងរុក្ខទេវតានោះ ក្រៃលែង រុក្ខទេវតាដឹងថាឪពុកម្តាយលបមើលផ្លាស់រូបទៅជាពស់ថ្លាន់វិញភ្លាម ឃើញធំទ្រេលពេញ បន្ទប់ផ្ទះ ។
ទៀបភ្លឺរុក្ខទេវតាប្រាប់ប្រពន្ឋឲ្យនាំឪពុកម្តាយទៅជីកយកកំណប់ក្នុងដំបូកមួយ មានមាសប្រាក់ ពេជ្រ កែវ់កង តុ ថាស ចាន ជញ្ជូនមកដាក់ពេញផ្ទះ ឡើងទៅជាអ្នកមានធំ ។ យូរទៅដឹងជ្រួតជ្រាបដល់អ្នក ស្រុកមកមើលឈូរឆរ ពិតជាពស់ថ្លាន់ពេនទ្រេលនៅជាមួយនិងនាង។ និយាយពីបុរសប្តីប្រពន្ឋ មានកូនក្រមុំមួយនៅភូមិផ្សេងពីនាងមានប្តីពស់ថ្លាន់ ទេវតានោះចេះតែរំភើបក្នុងចិត្ត នាំប្តីប្រពន្ឋសរសើរ ថា “វាសនាអ្វីគេក៏ល្អម្លេះ ពីដើមជាអ្នកក្រដូចគេឯងសោះ ឥឡូវមានផ្ទះធំខ្វាត់ខ្វែងត្រឈឹងត្រឈៃ មានគោក្របី ដំរី សេះ ខ្ញុំកំដរប្រើគគ្រឹកគគ្រេងល្បីឈ្មោះថា ចៅសួស្តិ៍សេដ្ឋី នេះមកពីកូនគេមានប្តីពស់ ថ្លាន់ ពស់ថ្លាន់ឲ្យកំណប់ព្រេង “។ បុរសនោះតូចចិត្តនិងខ្លួនឯងណាស់ចេះតែដកដង្ហើមធំ ចេះតែទន្ទេញទាំង យប់ទាំងថ្ងៃ ប្រពន្ឋ៎ឃើញប្តីកើតទុក្ខដូច្នេះ ក៏និយាយប្រាប់ប្តីថា ” ខ្ញុំបានឮចាស់ទុំនិយាយរៀងៗមកថា សត្វពស់ថ្លាន់មិនដូចពស់ទាំងពួងទេ តែមានដម្បូកធំៗក្នុងព្រៃ ហើយច្រើនមានពស់ថ្លាន់ទៅព័ទ្ឋពេននៅ ទីនោះ គេថាពស់រក្សាកំណប់ព្រេង”។ ប្តីថា “បើដូច្នេះព្រឹកស្អែកឯងដាំ៍បាយឲ្យបងពីព្រឹកកុំឲ្យអ្នកណាដឹង បងនឹងដើរស្វែងរកពស់ថ្លាន់ព័ទ្ឋដំបូកក្នុងព្រៃធំៗ បើឃើញបងនិងចាប់យកមកធ្វើជាប្តីកូនយើង “។ ប្រពន្ឋពេញចិត្តក៏ព្រមព្រៀងគ្នា ព្រឹកឡើងដាំបាយវិចជាសំណុំ ព្រមទាំងទឹកបំពង់ប្រគល់ឲ្យប្តី ប្តីក៏ដើរស្វែងរកពស់ថ្លាន់។
បុរសនោះចូលក្នុងព្រៃធំមិនយូរប៉ុន្មានក៏បានប្រទះដំបូកមួយធំក្នុងព្រៃទួល មានបន្លាស្អិតនិងវល្លិ៍រវីមរវាម វារពាក់ព័ន្ឋលើគ្នា ។ បុរសចូលទៅអើតឈ្ងោកមើលឃើញពស់ថ្លាន់ពេនទ្រេលលើក្បាលដំបូក។
ពស់នោះរស់នៅក្នុងព្រៃដំបូកនោះ អស់កាលជាយូរអង្វែងណាស់មកហើយ វាមិនដែលទៅកាន់ទីណាសោះ ទោះបីអត់ឃ្លានយ៉ាងណា ក៏ស៊ូរទ្រាំនៅក្នុងទីនោះ ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមអស់កំលាំងស្ទើរតែ កំរើកខ្លួនមិនរួច ។
បុរសយកឈើគោះមើលក៏មិនទាំងកំរើកខ្លួនផង បុរសនោះនឹកត្រេកអរក្នុងចិត្តណាស់ គិតថា ពស់ថ្លាន់នេះ ពិតជាមានកំណប់ហើយបានជាស្លូតម្ល៉េះ ក៏បោចវល្លិ៍ស្រាក់ស្រួតជាប់។
ពស់ក៏មិនរើប៉ុន្មានព្រោះវាស្គាំងស្គមដោយអត់អាហារមកយូរហើយ។ បុរសលើកស្ពាយទាំងភ្នែនមកដោយ ធ្ងន់ខ្លាំងពេកក៏ឈប់សំរាកតាមផ្លូវទល់ព្រលប់ទើបមកដល់ផ្ទះ ស្រែកហៅប្រពន្ឋនិងកូនក្រមុំពីក្រៅរបងឲ្យ ទៅជួយទទួល ។
ប្រពន្ឋនិងកូនក្រមុំក៏ចុះទៅទទួលប្តី ឪពុកស្ពាយពស់ថ្លាន់ទាំងភ្នេនក៏ត្រេកអរឥតឧបមា។ លុះយកមកដាក់ ដល់លើផ្ទះអួតប្រាប់ប្រពន្ឋថា “ពស់នេះស្លូតណាស់ត្រូវចិត្តបងហើយ បើភានឯងមិនជឿទៅចាប់ស្ទាប អង្អែលមើលចុះ ស្ទើរតែមិនកំរើកខ្លួនប្រាណផង” ។ ប្រពន្ឋលូកដៃទៅពាល់មើលឃើញមិនកំរើកមែន ក៏ចេះតែបេបាសអង្អែលសរសើរថា “កូនអើយ! ពណ៌សំបុរអ្នកអីក៏ល្អម៉េ្លះ ដូចគេទើបនិងទីបមាសថ្មីៗ ទោះបីជាហូលដែលជាងចេះចងគាតយ៉ាងណា ក៏មិនល្អមិនដូចអ្នកដែរ “។ ពស់ថ្លាន់ដោយជាប់ចំណងផង ហើយហេវអស់កំលាំងនិងអត់អាហារយូរថ្ងៃផង ក៏ធ្វើតែភ្នែកភ្លឹះៗ លិទ្ឋអណ្ដាតភ្លែមៗ ប្រហែលជាក្នុង ចិត្តវាដែលឃ្លានប្រុងតែលេបមនុស្ស ។ប្តីតាំងបង្គាប់ប្រពន្ឋនិងកូនក្រមុំឲ្យវាយមាន់ ស្លដណ្ដាំបាយឲ្យឆាប់ និងរៀបសែនព្រេន ប្តឹងជីដូនជីតារៀបផ្សំផ្គុំឲ្យកូនយកប្តីពស់ថ្លាន់ ។
ប្តីរត់ទៅទិញស្រាបានមក ប្រពន្ឋដាំបាយស្លឆ្អិនដួសដាក់តុថាស ហៅបងប្អូនជិតខាងឲ្យមកជួយសែនព្រេន បង្គាប់កូនក្រមុំឲ្យរៀបចំដំណេកបង្គុយអ្នកស្រុកជិតខាងដែលមានបញ្ញាវាងវៃ គេលាន់មាត់និងបុរសនោះ ថាឆ្កួត ថាព្រើលគ្រប់ៗគ្នា អ្នកខ្លះក៏រកពុទ្ឋោ អ្នកដែលត្រូវស្រា អរឲ្យតែគេហៅឲ្យចូលទៅជួយសែន និងបានស៊ីផឹកសប្បាយ ។
លុះទៅជួបជុំគ្នា លើកពស់ថ្លាន់ដាក់លើកំរាលសំពត់ស ស្រាយចំណងឲ្យកូនក្រមុំទៅអង្គុយទន្ទឹម ពស់នោះ ក៏នៅស្ងៀមដោយគ្នាអត់អាហារមកយូរថ្ងៃហើយ ។ បុរសបង្គាប់ឲ្យគេលើកបាយសម្លរ ទៅដាក់អុជ ទៀនធូប សំបូងសង្រូងប្តឹងជីដូនជីតា ច្រូចស្រា៣ដងរួចសែនចាប់សំណែននំចំណី បាយសម្លរគ្រប់មុខ ដាក់ច្រឡូកចូលគ្នាមួយចាន យកទៅចាក់នៅមុខផ្ទះ ហៅពួកអង្រឹងជើងស្នែងឲ្យស៊ី ព្រោះជីដូនជីតាពិសា រួចហើយ ហើយលើកតុ ថាស ចេញមកក្រៅ លត់ភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពស់ថ្លាន់ក្នុងបន្ទប់។ នាងនោះប្រហែលជាខ្លាចពស់ដែរ ប៉ុន្តែនិងចេញមកក្រៅខ្លាចឪពុកម្តាយ ព្រោះផ្សំដំណេកឲ្យពស់ថ្លាន់ហើយ ក៏ចេះតែអត់ទ្រាំទៅ ។
ចំណែកឪពុកម្តាយនាំញាតិមិត្តស៊ីមាន់ផឹកស្រាឯល្វែងខាងក្រៅ។ ពស់នោះកាលមនុស្សនៅស៊ីផឹកមាត់ អ៊ូរអែវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួន។ លុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កណ្ដាល អាធ្រាតវាលាខ្លួនខ្សាក វាឥតរឹតរួតនាងនោះទេ ព្រោះពស់នោះវាធំល្មមលេបនាងនោះបានតែម្តង វាគ្រាន់តែយកកន្ទុយស៊ករុំក៏ដៃនាងនោះជាប់ងាកក្បាលមកក្រោមកៀវជើងប្រមូលផ្ទឹមគ្នា វាហារមាត់ បញ្ច្រកជើងនាងទាំងពីរតែម្តង ។ពីដំបូងនាងនោះស្មានថា ពស់ថ្លាន់ប្រុងរួមបវេណីនិងខ្លួនបានជានាងនៅ ស្ងៀមមិនមាត់ ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះ បែបជាទុកចិត្តពស់បន្តិចទៅហើយ លុះវាលេបស្រឺតៗដល់ក្បាលជង្គង់នាងនឹកសង្ស័យថា ពស់ថ្លាន់ច្បាស់ជាលេបអញពិតហើយ គិតនិងក្រោក ក៏ក្រោកមិនរួច កន្ទុយពស់វារឹតដៃនាងជាប់ នាងភ័យណាស់ស្រែកហៅម្តាយថា “ពស់ថ្លាន់វាលេបខ្ញុំហើយ” ។ ម្តាយឮមាត់កូនស្រែកហៅ ក៏ស្រែកសន្ឋាប់ទៅវិញថា “ខ្មោចមេចំកួត ប្តីប្រលែងផងបានតែព្រើលៗ” ។ ឪពុកស្រវឹងស្រាដេកសន្លប់ហៀរទឹកមាត់កក្លាក់ ។ លុះពស់លេបដល់ចង្កេះនាងស្រែកហៅម្តាយថា “ម៉ែៗ ជួយកូនផង ពស់លេបដល់ចង្កេះហើយ ” ។ ម្តាយរឹតតែបញ្ចោរពីក្រៅមកស្តីបន្ទោសថា “កូនអីក៏ចង្រៃ មិនចេះខ្មាស់គេឯង មិនច្រឡំនិងអ្នកស្រុក តិចអញចូលទៅវាយក្បាលក្នុងដំណេកបែកឥឡូវ”។ នាងនោះចេះតែស្រែកថា “ម៉ែអើយជួយកូនផង ពស់លេបដល់ចុងដង្ហើមហើយ” បន្តិចស្រែកថា “លេបដល់កហើយ” ។
ម្តាយឮកូនស្រែកញយៗពេកមិនខ្ចីទាំងតបផង គិតតែពីសង្ងំដេក លុះលេបដល់បបូរមាត់ក៏ស្រែកលា ឪពុកម្តាយថា “បើឪម៉ែមិនជួយកូនទេ កូនសូមលាស្លាប់ហើយ” ។ ម្តាយស្តាប់ទៅឮមាត់កូនង៉ុលៗ ក្នុងមាត់ពស់ថ្លាន់ដែលវាលេបគ្របបបូរមាត់ទៅហើយនោះ។ លុះបាត់ឮមាត់កូន ម្តាយសង្ស័យក៏អុជភ្លើង ចូលទៅមើល បាត់កូនឃើញតែពោះពស់ធំកំពីង តាំងពីក្រោមរហូតដល់ជិតពាក់កណ្ដាលខ្លួន ។ នាងម្តាយនោះក៏ស្រែកទួញងោង ផ្អើលឆោឡោ ដល់អ្នកស្រុកអ្នកភូមិ ផ្ទះអ្នកជិតខាងទាំងពាក់កណ្ដាល អាធ្រាត ។ ឪពុកភ្ញាក់ឡើងហៅអ្នកស្រុកមកជួបជុំ ចោមចាប់ពស់ថ្លាន់ទាក់កចងសន្ឋឹង យកកាំបិតព្រា វះយកកូនបានមកសន្លប់សូន្យឈឹងដូចជាស្លាប់ តែខ្លួននៅក្តៅប្រឡាក់សុទ្ឋតែរំអិលពស់ពេញទាំងខ្លួន ទាំង ក្បាលនិងដៃជើងឆ្អាបកខ្វក់ នាំគ្នាដងទឹកមកលាង លាងមិនជ្រះ ដាំទឹកក្តៅយកមកលាងក៏មិនជ្រះ លុះគេ ស្រោចទឹកក្តៅអ៊ុនៗលាងឲ្យមួយស្របក់ នាងក៏ដឹងខ្លួនឡើងវិញ មើលឃើញបងប្អូនមាមីងជួបជុំត្រៀបត្រា មើលមកខ្លួនឯងសុទ្ឋតែរំអិលពស់ឆ្អាបគគ្រុក ក្រោកឡើងកន្ត្រាក់បានផ្តិលទឹកមួយ លើកគ្របទទូលក្បាល ដើរទៅមាត់សមុទ្រដងទឹកងូតលាងដូចម្តេចក៏មិនជ្រះរំអិលពោះនោះ គិតថា ឱខ្លួនអញអើយម្ល៉េះទៅហើយ នៅជាមនុស្សក៏ខ្មាស់គេ បើស្លាប់ទៅវិញប្រសើរជាង ក៏យកផ្តិលទទួលក្បាលដើរទៅត្រង់មាត់ច្រាំងអន្លង់ ជ្រៅនឹកប៉ងក្នុងចិត្តថា “អញនឹងលោតទឹកសំលាប់ខ្លួនឯងចោល”។ គិតដូច្នោះហើយក៏លោតប្រូងទៅ ក្លាយខ្លួនទៅកើតជាផ្សោតញីភ្លាម មុជក្នុងទឹកហែលចាប់ត្រីស៊ីព្រងើយ។ ឪពុកម្តាយរត់តាមទៅមើលកូន ឯមាត់កំពង់ទឹករកពុំឃើញ ក៏នាំគ្នាយំសោកអាឡោះអាល័យរៀបរាប់រឿងផ្សេងៗនៅមាត់ទឹក ។ លុះ ត្រលប់មកផ្ទះវិញបបួលប្តីប្រពន្ឋអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថា ពស់ថ្លាន់វាស្លាប់ ព្រោះវះពោះរយះជាពីរទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាត់រស់គ្រាន់តែវះពោះប៉ុណ្ណឹងមិនស្លាប់ទេ
លុះត្រាតែកាប់ដាច់ជាពីរជាបីកំណាត់ទើបស្លាប់ យូរៗទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែង ស៊ីមនុស្ស និងសត្វណាដែលគ្មានរោម គ្មានមមីស។ ការដែលពស់ថ្លាន់លែងស៊ីមនុស្ស និងសត្វគ្មាន រោមក៏ជាទំនៀមទំលាប់ពីត្រឹមនោះមករហូតដល់ឥឡូវនេះ ។
ឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ឋពស់ថ្លាន់ រហូតមកដល់សព្វថ្ងៃនេះ ក្បាលផ្សោតក៏ត្រងោលដូចជា   របៀបទទូរផ្តិល សរីរាវៈយវៈរបស់ផ្សោត មិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជា ដោះ, ប្រដាប់កេរខ្មាស និងសរីរាវៈយវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់ គ្មានតែដៃជើងប៉ុណ្ណោះទេ ។

ប្រភពពី http://www.khmeronline.info/update/book02/preng_2.htm

រឿងដើមកំណើតសត្វកូនលោក

January 24th, 2009

មានបក្សីម្យ៉ាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិងសត្វគ្រលីងគ្រលោង តែមានមាឌធំជាងគ្រលីង គ្រលោងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹង។
សត្វនេះចាស់ៗខ្មែរយើងបាននិយាយតៗមកថា មានដើមកំណើតមកពីមនុស្ស ដូចមានរឿងដំណាល តទៅនេះ ៖
កាលពីព្រេងនាយ មានកសិករពីរនាក់ប្តីប្រពន្ឋ ជាមនុស្សក្រលំបាក មានកូនស្រីតូចៗ៣នាក់។ កូនទី១ ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។
ក្រោយពីពេលដែលប្តីស្លាប់ចោលទៅ នាងប្រពន្ឋនៅមេម៉ាយជាមួយនិងកូនស្រី៣នាក់ តែងទៅកាប់អុស បេះបន្លែទូលទៅលក់ឯផ្សាររាល់ថ្ងៃ ។
ថ្ងៃមួយនាងបានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់ ដែលតែងតែដើរលួចឆក់អ្នកដំណើរឆ្ងាយជិត បានលុយកាក់ យកមកស៊ីផឹកហ៊ឺហា។ អ្នកលេងនោះកាលបើក្រឡេកឃើញនាងមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នក គួរសមសួរនាងថា ចុះនាងនៅភូមិណា? ឆ្ងាយឬជិត? ហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯង ច្រើនម្ល៉េះ?
នាងក៏ប្រាប់ដោយត្រង់ថា “ខ្ញុំជាស្រីមេម៉ាយ ប្តីស្លាប់ចោលទៅ សព្វថ្ងៃក្រលំបាកណាស់ ប្រឹងកាប់អុសបេះ បន្លែលក់ គ្រាន់បានប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី៣នាក់បរិភោគ”។
ឮដូច្នោះ អ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថា នាងនេះមេម៉ាយមែន ប៉ុន្តែមានរូបស្អាតគ្រាន់បើ គួរអញ តាមទៅសួរដល់ផ្ទះយកជាប្រពន្ឋឲ្យបាន ហើយក៏និយាយថា “នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន
១០កហាបណៈ សម្រាប់ទិញឥវ៉ាន់ផ្ញើកូន”។ នាងមេម៉ាយក៏ទទួលយកភ្លាម ដោយសេចក្តីត្រេកអរ លុះលក់ អុស និងបន្លែអស់ហើយ នាងត្រឡប់មកផ្ទះវិញ។ ឯអ្នកលេងក៏លបដើរមកតាមក្រោយ ដើម្បីគន់មើលផ្ទះ លុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាង និយាយគ្នាត្រូវមាត់ហើយក៏យកគ្នាជាប្តីប្រពន្ឋតទៅ ។
ចាប់តាំងពីថ្ងៃនោះមក អ្នកលេងតែងចេញទៅប្លន់អ្នកស្រុក ២-៣ថ្ងៃមកផ្ទះម្តងក៏មាន កន្លះខែមកម្តង ក៏មាន។ នាងនោះមានមាស់ប្រាក់ចាយបរិបូរណ៍ ស្លៀកពាក់សុទ្ឋតែរបស់ល្អៗ ក៏ទៅជាធំចិត្តក្តៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណាចង់តែយកកាំបិតមកកាប់ឲ្យដាច់កទាំង៣នាក់ ពេលដាំស្ល ឆ្អិនហើយ នាំប្តីបរិភោគតែពីរនាក់។ សល់បាយក្នុងឆ្នាំបន្តិចបន្តួច កូនទាំង៣នាំបងប្អូនកេះកាយស៊ី ខ្លះដេក លក់ក្បែរជើងក្រាន ខ្លះដេកលក់នៅល្វែងផ្ទះខាងក្រៅ មូសខាំសុះពេលខ្លួន។ ពេលព្រឹកៗនាងនោះតាក់តែង ខ្លួនប្រាណទៅស៊ីផឹកនៅឯផ្សារជាមួយប្តីរាល់ថ្ងៃ។
ថ្ងៃមួយប្តីបាននិយាយរំលឹកថា “បងមានសេចក្តីអៀនខ្មាស់មិត្តភ័ក្តខ្លាំងណាស់ ព្រោះអូនចេះតែតាមបងទៅ ស៊ីផឹកឯផ្សារ ដូច្នេះបងសូមអង្វរចិត្តអូន សូមនៅផ្ទះថែទាំកូនស្រីទាំង៣នាក់ចុះ”។
ឮប្តីនិយាយយ៉ាងនេះ នាងនោះគិតថា “ប្តីអញគាត់ហ៊ឺហាណាស់ ពួកស្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់ បើអញបណ្ដោយតទៅថ្ងៃមុខ គាត់នឹងបោះបង់អញពុំខាន គួរអញរកឧបាយសំលាប់កូនស្រីទាំង៣នាក់ ចោល កុំឲ្យគាត់មានពាក្យចាក់ដោតថា ឲ្យអញនៅចាំផ្ទះព្រោះតែកូនឡើយ”។
លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោគជាំ នាងនោះនិយាយបញ្ឆោតកូនថា “កូនអើយ ! កាលឪពុកឯង រស់នៅ តែដល់រដូវនេះហើយ គាត់តែងនាំម្តាយទៅសាបព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំមាន ខ្ទមលំហដេកចាំស្រូវ ស្អែកនេះម្តាយនឹងយកស្រូវពូជទៅសាបព្រោះ ចូរកូនទៅដេកចាំចាបព្រាបលលក កុំឲ្យស៊ីស្រូវ”។ លុះព្រឹកឡើងនាងនោះនាំកូនចូលទៅក្នុងព្រៃរហោឋានជិតជើងភ្នំ យកស្រូវទៅបាចសាច ក្នុងត្រពាំង រួចផ្តាំកូនថា “នែហងរាល់គ្នា ត្រូវនៅចាំស្រូវ កុំទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយ សំលាប់” ផ្តាំហើយនាងនោះទុកបាយឲ្យ១ចំអែតម្នាក់ អង្ករ៣ចាន ពោតបួនដប់គ្រាប់ កូនឆ្នាំងដីមួយ និងអំបិលប្រហុកបន្តិចបន្តួចដោយគិតថា “យប់នេះខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ដោយខ្លាស៊ី ក៏គង់ស្លាប់ ដោយអត់បាយពុំខាន”។ លុះផ្តាំកូនស្រេចហើយ ក៏ត្រឡប់មកផ្ទះវិញដេកចាំមើលប្តីមកពីរកស៊ី ។ លុះប្តី មកដល់ក៏សួរថា “កូនស្រី៣នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ?”។ ប្រពន្ឋប្រាប់ថា “ខ្ញុំប្រើឲ្យទៅចាំ ស្រូវជាមួយចាស់ទុំជាច្រើន លុះស្រូវទុំទើបវាត្រលប់មកវិញ”។
ចំណែកកុមារីទាំង៣នាក់ នាំបងប្អូនយកគ្រប់ពោតទៅកប់តាមភ្លឺត្រពាំង ពេលយប់នាំគ្នាឡើងទៅដេក លើខ្ទម។ ឮសូរតែមាត់ដំរី ចចក ស្វាន ស្វា ស្រែកទ្រហឹងអឺងកងពេញព្រៃស្មសាន នាងបងមាន សេចក្តីភិតភ័យញ័រខ្លួនដូចកូនសត្វ ស្ទើរគ្មានព្រលឹងនៅក្នុងខ្លួនលួងប្អូនៗកុំឲ្យយំខ្លាចសត្វសាហាវ ទាំងនោះ វាមកខាំសម្លាប់ ។
គ្រានោះ អារក្ខទេវតាដែលឋិតនៅក្នុងព្រៃស្មសានគិតថា “នាងម្តាយ ហេតុអ្វីក៏យកកូនតូចៗ មកប្រោស ចោលក្នុងព្រៃដូច្នេះ បើអញមិនជួយកុមារទាំង៣នេះផងទេ មុខជាម្រឹគពាលយង់ឃ្នងស៊ីពុំខាន គួរអញ សង្គ្រោះកុមារទាំងនេះទម្រាំផុតពេលរាត្រីនេះ ហើយអញនឹងក្រាបទូលសម្តេចឥន្ទ្រាធិរាជ”។ គិតស្រេច ហើយ អារក្ខទេវតាសម្តែងឫទ្ឋិស្រែកគំរាមពួកសត្វសាហាវឲ្យរត់ខ្ចាត់ខ្ចាយអស់ទៅ លុះព្រឹកឡើងក៏ចូល ទៅកាន់សំណាក់ទេវរាជឈ្មោះវរុណៈ នៅទិសឥសាន ដើម្បីឲ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូល ព្រះឥន្ទ្រាធិរាជ ។
វរុណទេវរាជរំពឹងឃើញថា “ការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្ទ្រាធិរាជទេ ព្រោះកុមារីទាំង៣នេះ ត្រូវក្លាយខ្លួនទៅជាសត្វបក្សី” ហើយបង្គាប់ថា “ត្រូវអ្នកឯងជួយការពារកុមារីទាំង៣ឲ្យមធ្យ័តកុំឲ្យសត្វ សាហាវបៀតបៀនបានទម្រាំវាក្លាយខ្លួនទៅជាសត្វ បើវាឃ្លានអាហារត្រូវនិម្មិតជាត្រីក្រឹម ទន្សាយ ខ្យងខ្ចៅ ដាក់ក្នុងត្រពាំងមួយឲ្យវាស៊ីទៅ”។ អារក្ខទេវតាត្រលប់មកវិញក៏ធ្វើតាមបង្គាប់វរុណទេវរាជ ។
ឯកុមារីទាំងបីនាក់នោះនៅចាំស្រូវបានបីយប់បីថ្ងៃ ក៏អស់អង្ករបីចានដែលម្តាយទុកឲ្យស៊ី ប្អូនយំរកបាយស៊ី បងបានដើរទៅបេះស្លឹកថ្នឹង ចូលទៅក្នុងថ្លុកក្តិចត្រួយត្រកួន និងដើមអំពៅដៀប យកមកចែកគ្នាស៊ី ប្អូនបង្អស់ចេះតែស្រែកយំ បងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹម ទន្សាយធំមួយ បានមកប្រុងដុតស៊ី តែភ្លើងដែល ម្តាយបង្កាត់ទុកឲ្យរលត់អស់ទៅ ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់។ ប្អូនចេះតែយំកន្ទក់កន្ទេញចង់ទៅផ្ទះ បងថាមិនហ៊ានទៅទេខ្លាចម៉ែវាយ តែប្អូនទាំង២ស្រែកយំខ្លាំងពេកបងទ្រាំពុំបានក៏នាំទៅផ្ទះ ។
ឯម្តាយកាលបើឃើញកូនស្រីបណ្ដើរគ្នាមកដូច្នេះ ក៏មួរម៉ៅស្រែកជេរពីលើផ្ទះថា “មេកូនចង្រៃ ! អញថា យកវាទៅប្រោសចោលឲ្យស្លាប់ព្រាត់ប្រាស់អស់ទៅ ឥឡូវមិនស្លាប់បែជានាំគ្នាត្រលប់មកវិញ អញវាយ សម្លាប់ឥឡូវហើយ អញមិនឲ្យហងឡើងផ្ទះសំបែងទេ” ។ នាងបងអង្វរថា “សូមអ្នកម្តាយ អាណិតកូន ផងចុះ ព្រោះប្អូនចេះែតយំឃ្លានបាយអត់២-៣ថ្ងៃមកហើយ ស៊ីតែស្លឹកឈើជំនួយបាយ ភ្លើងក៏រលត់អស់ បើម៉ែមិនឲ្យកូននៅ កូនសូមតែអង្ករ និងភ្លើងត្រឡប់ទៅវិញ សូមម្តាយកុំធ្វើបាបកូន កូនសូមទោស”។
ឯកូនប្អូននិយាយប្រាប់ម្តាយថា “ម៉ែ ! បងចាប់បានសាយស៊ីអែត” ម្តាយឮកូនប្រាប់ថា “ចាប់បាន ទន្សាយស៊ីឆ្អែត” ក៏រឹតតែមួរម៉ៅខ្លាំងណាស់ទៅទៀត ជេបញ្ចោរថា “មេកូនចង្រៃ ! វាបានទន្សាយ ចែកគ្នា ស៊ី ម្តេចមិនយកឲ្យអញស៊ីផង”។
និយាយតែប៉ុណ្ណេះ ក៏ស្ទុះទៅវាយកូនទាំងបីនាក់ ធាក់ច្រំបណ្ដេញឲ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិន ឲ្យសោះ ប៉ងឲ្យតែស្លាប់បាត់បង់ទៅ ។ គួរឲ្យអាសូរកុមារីទាំង៣នាក់នោះពន់ពេក ម្តាយវាយបែកឈាមហូរ សស្រាក់ក៏នៅតែមិនបាត់វាចាថា “ម៉ែៗ !” ឥតដឹងថាម្តាយប្រុងសម្លាប់ខ្លួនចោលសោះ។ ឯកុមារីប្អូនចេះែត អួតប្រាប់ម្តាយថា “បានសាយស៊ីអែតៗ ” ។
ម្តាយឮដូច្នេះរឹតតែវាយខ្លាំងថែមទៀត ។
នាងបងប្រឹងអូសទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថា បើទ្រាំនៅមុខតែម្តាយសម្លាប់មិនខាន ហើយ នាំគ្នាទៅនៅក្នុងខ្ទមដដែល ដោយគ្រាំគ្រាដោយម្តាយវាយសំពងក៏សន្លប់បាត់ស្មារតីទាំងបីនាក់ ។
អារក្ខទេវតា កាលបើឃើញដូច្នោះ ក៏យកទឹកមកប្រោះព្រំកុមារីទាំង៣នាក់ឲ្យមានស្មារតីឡើងវិញ ។ កុមារីទាំងបីនាក់ លុះដឹងស្មារតីឡើងវិញ ស្រែកទ្រហោយំទាំងអស់គ្នា ឯនាងបងក៏ចុះទៅចាប់ត្រីក្រឹម ទន្សាយ និងរាវរកខ្ចងមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថ្ងៃ ត្រីនិងខ្ចងខ្ចៅចេះតែមានមិនអស់ ព្រោះទេវតានិម្មិតអោយ កាលណាថ្ងៃក្តៅល្អ ស្រង់មកហាលថ្ងៃឲ្យតែក្រៀមៗ វាយបំបែកហែកចែកគ្នា ស៊ីទៅ ។
នាងបងនិយាយកៀកកប្អូនលួងលោមថា ៖ “អូនអើយ ! យើងទាំង៣នាក់នេះពុំបានជួបមុខម៉ែទៀតទេ ព្រោះគាត់មានប្តីថ្មីទៀតបានជាគាត់ស្អប់យើង ហើយរករឿងសម្លាប់យើងចោល យើងកុំសង្ឃឹមថា មានជីវិតរស់នៅតទៅមុខទៀត ណាមួយសំពត់អាវមានតែមួយម្នាក់សំរាប់ស្លៀកដណ្ដប់ ឥឡូវនេះដាច់ អស់ហើយ តទៅមុខយើងនឹងរងារអោបក្បាលជង្គង់ ហើយនឹងអាក្រាតកាយនៅតែខ្លួនទទេ ដូចសត្វ តិរច្ឆាន”។
អំពីពោតដែលនាងបានដាំជុំវិញភ្លឺត្រពាំងនោះ បាន៣ខែមានផ្លែចាស់ខ្ចី សត្វជ្រូក ក្តាន់ ស្វា កំប្រុក ពុំហ៊ាន ទៅស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា នាងបងតែងទៅបេះយកមកបរិភោគជាមួយនិងត្រីក្រឹម ទន្សាយ ហើយនិងខ្យងខ្ចៅ។ លុះបាន៦ខែ កុមារីទាំង៣នាក់ស្រាប់តែដុះរោមចេញពេញខ្លួន ដៃសងខាងដុះ ចេញទៅជាស្លាបទទះហើរទៅដល់ចុងឈើចាប់ប្រតោងបេះផ្លែឈើបានទាំងអស់គ្នា តែហើរទៅឆ្ងាយពុំរួច បបូរមាត់ដុំចេញទៅជាចំពុះ រីឯមាត់និយាយភាសាមនុស្សពុំកើត គ្រាន់តែដឹងខ្លួនថា ខ្លួននៅជាមនុស្ស តែដល់និយាយទៅជាសំលេងសត្វតិរច្ឆានយូរៗទៅ កាន់តែហើរបានឆ្ងាយបន្តិចម្តងៗ ព្រោះតាំងពីបបូរមាត់ ដុះចេញទៅជាចំពុះ មិនដែលនិយាយភាសាមនុស្សសោះ តែបើមនុស្សនិយាយទៅរកអាចស្តាប់បាន ។
ឯប្តីចុងរបស់នាងជាម្តាយ នៃកុមារីទាំងនោះ តែងប្រព្រឹត្តិអំពើចោរកម្មជានិច្ច ។ ថ្ងៃមួយអ្នកជិតខាង គេប្តឹងដល់រាជការៗក៏ចាប់យកទៅដាក់គុកអស់មួយជីវិតទៅ ។
ពេលនោះនាងជាម្តាយដេកព្រួយចិត្ត នឹកអាណិតដល់កូនកំសត់ទាំងបីនាក់ ដែលខ្លួនបានធ្វើទុក្ខបុកម្នេញ ហើយដើរទៅក្នុងព្រៃឃើញកូននៅរញង់ក្នុងខ្ទម ស្គាល់ច្បាស់ជាកូន ព្រោះមានទម្រង់ជាមនុស្សនៅឡើយ តែដុះស្លាប មានចំពុះ ដូចសត្វតិរច្ឆាន ក៏ស្រែកហៅថា “កូនអើយ ! ឥឡូវម្តាយមកទទួលកូនទៅវិញ ម្តាយលែងឲ្យកូននៅក្នុងព្រៃទៀតហើយ”។
កូនទាំង៣នាក់ឮមាត់ម្តាយហៅ ស្គាល់ជាក់ជាម្តាយក៏គិតថា “ម៉ែយើងមករកសម្លាប់យើងទៀតហើយ ត្រូវ យើងកុំទុកចិត្តគាត់ យើងនាំគ្នាហើរទៅល្អជាង” គិតដូច្នោះ ក៏នាំគ្នាហើរត្រសងទៅទំលើចុងឈើខ្ពស់ ១ដើម ស្រែកប្រាប់មកម្តាយ ដោយបំណងនិយាយថា “យើងផុតនិស្ស័យជាកូនលោកហើយ យើងទៅជា សត្វតិរច្ឆានល្អជាង អ្នកកុំមកជិតយើង” ប៉ុន្តែសំដីដែលស្រែកប្រាប់មកម្តាយនោះ មិនច្បាស់លាស់ជាសំដី មនុស្សទេ ទៅជាស្រែកថា “កូនលោកៗ” ។ ម្តាយចេះតែដើរស្រែកហៅកូនទាំងតែអស់កំលាំងដើរពុំរួច ណាមួយអស់អាហារបរិភោគផង ក៏ដួលស្លាប់ទៅ ។
នៅប្រទេសកម្ពុជា សត្វនេះវាតែងតែហើរមករើសខ្ចងខ្ចៅស៊ីតាមវាលស្រែ ក្បែរជើងភ្នំ ឬព្រៃស្រោង កាលណាវាផ្អើលនឹងមនុស្ស ឬសត្វដូចគ្នា វាស្ទុះហើរស្រែកយំឮថា កូនលោក កូនលោក !
លុះរាត្រីស្ងាត់វាថ្ងួចថ្ងូរមុខគួរឲ្យស្រណោះពន់ពេក ។

ប្រភពពី http://www.khmeronline.info/update/book02/preng_1.htm

ជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ

January 24th, 2009

បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឲ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្តុំដាក់ក្នុងបាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឲ្យប្រជុំគ្នា ឬធ្វើឲ្យជួបជុំគ្នា ។ ប្រជារាស្ត្រខ្មែរបានឲ្យតំលៃ និងសារៈសំខាន់ទៅលើបុណ្យធំៗពីរ គឺបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ និងពិធី បុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុងទីវត្តអារាម ដែលត្រូវប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១ រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ក្នុងអំឡុង១៥ថ្ងៃនេះគេតាំងចិត្តដាច់ខាតត្រូវតែ ទៅវត្តឲ្យបានម្តងយ៉ាងតិចក្នុង ថ្ងៃណាមួយមិនអាច ខកខានបានឡើយ ទោះជាមានការមមាញឹក ឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។ រឿងហេតុទាំងអស់ នោះក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និងអនុវត្តជារៀងរាល់ ឆ្នាំតៗគ្នាមក។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្តដែលបានចែក ឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុង អបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញពន្លឺ ព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។ លុះដល់រដូវបុណ្យនេះ គេបានដោះ លែងឲ្យមកទទួលយកផល្លានិសង្ស ដែលញាតិសាច់សាលោហិត ធ្វើបុណ្យឧទ្ទិសឲ្យ ។ ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេចបណ្ដាសា ឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយមិនឃើញ សាច់ញាតិធ្វើបុណ្យបញ្ជូនឲ្យទេ ។ ជាមួយគ្នានេះដែរ ដែលគេមានក្តីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ឋាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឲ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្តីសុខ និងសេចក្តីចំរើន ។

ប្រវត្តិបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
ដើមកំណើតបុណ្យនេះមិនមានឯកសារណាមួយបានបរិយាយថា ចាប់ធ្វើពីសម័យណាទេ ។ ប៉ុន្តែក្នុងគម្ពីរ តិរោកុឌ្ឌសូត្របានបរិយាយថា ព្រះបាទពិម្ពិសារមានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ឋ គឺស៊ី បាយមុនលោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត ។ លុះដល់ព្រះសម្ពុទ្ឋព្រះនាម កុក្កសន្ឋោបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះអង្គថា “ចុះយើងខ្ញុំកាលណា បានអាហារបរិភោគ ?” ព្រះពុទ្ឋត្រាស់ថា “ចាំសួរព្រះពុទ្ឋជាន់ក្រោយចុះ ក្នុងសាសនាតថាគតអ្នកទាំង ឡាយមិនត្រូវបានអាហារបរិភោគទេ”។ លុះដល់ព្រះពុទ្ឋព្រះនាមនាគមនោបានត្រាស់ដឹង ពួកប្រេតទាំង នោះនាំគ្នាទៅសួរទៀត ។ ព្រះពុទ្ឋព្រះនាមនាគមនោក៏ត្រាស់ប្រាប់ដូចព្រះពុទ្ឋមុនទៀត ។ ពេលព្រះពុទ្ឋ ព្រះនាមកស្សបោបានត្រាស់ដឹងក៏មានហេតុដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ឋព្រះនាមសមណគោត្តម យើង នេះ ព្រះអង្គទ្រង់ត្រាស់ថា “ចាំមើលព្រះបាទពិម្ពិសារជាញាតិរបស់អ្នកទាំងឡាយទ្រង់ឲ្យទានដល់តថាគត នោះនឹងញាំងអាហារឲ្យសំរេចដល់អ្នកទាំងឡាយ”។ លុះព្រះបាទពិម្ពិសារបានថ្វាយទានជាដំបូង ហើយមិន ផ្សាយទៅឲ្យពួកញាតិក៏ស្រាប់តែពួកប្រេតជាញាតិ​ទាំងឡាយនោះយំស្រែក​ទ្រហឹងក្នុងពេលរាត្រីនោះ។
ព្រះបាទពិម្ពិសារស្តេចយាង​​ ទៅកាន់វត្តវេឡុវ័ន ហើយទូលសួរព្រះពុទ្ឋ ព្រះអង្គត្រាស់ថា “ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះត្រូវបាន អាហារបរិភោគក្នុងសាសនាតថាគត”។ ប៉ុន្តែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឲ្យ។ ពេលព្រះអង្គបានជ្រាបហើយ ក៏ចាត់ចែងធ្វើ បុណ្យបព្ជាូនទៅឲ្យ ។ ពួកប្រេតទាំងនោះក៏បានទទួលផលក្នុងពេលនោះហើយ ។

កម្មវិធីបុណ្យ
ពេលរសៀលថ្ងៃ១៥ កើត ខែភទ្របទ ពុទ្ឋបរិស័ទបានមកជួបជុំគ្នានៅសាលាឆាន់ ។ អ្នកដែលបានព្រម ទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូបអាហារ ភេសជ្ជៈ ឬរណ្ដាប់រៀបចំពិធីសំរាប់ថ្ងៃទី១ គឺថ្ងៃ១ រោច ខែភទ្របទ ដែលគេនិយមហៅថា កាន់បិណ្ឌ ហើយថាបិណ្ឌ១គេត្រូវមកកាន់ទីវត្ត ដើម្បីដំណើរ ការពិធីដូចេគទៅ ៖
១-អ្នកកាន់វេន និងពុទ្ឋបរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ ។ បាយបិណ្ឌគឺជាបាយដែលគេដាំពីអង្ករ ដំណើបហើយពួតលាយជាមួយគ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬ ហៅជើងបិណ្ឌនោះជាពីរចំណែក ទុកប្រគេនព្រះសង្ឃមួយចំណែក សំរាប់ឧទ្ឋិសដល់អ្នកដែលចែកឋានទៅ និងជូនអាចារ្យមួយចំណែកនៅ ថ្ងៃកាន់បិណ្ឌរបស់គេ ដើម្បីជាការដឹងគុណដែលលោកហត់នឿយជួយចាត់ចែងពិធី ។ ការរៀបជើងបិណ្ឌ មានដាក់ផ្លែឈើ គ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ឋា និង ចំណូលចិត្តរបស់អ្នកកាន់បិណ្ឌ ឬអ្នកដទៃ ផ្សេងទៀតដែលគេបានយកមកដាក់ចូលរួមជាមួយដែរ ។ គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាម ចំនួនវេនបិណ្ឌ ។ ឧបមា ថ្ងៃបិណ្ឌ៥ គេធ្វើ៥ ថ្ងៃបិណ្ឌ១០ គេធ្វើ១០ដែរ ។ ផ្កាបិណ្ឌនេះគេធ្វើដោយ សន្លឹកចេកកេវជាកន្ទោងរួចកាត់ចេកទុំមួយចំណិតញាត់ត្រង់កំពូលស្រួច ហើយញាត់បាយដំណើបរហូត ដល់ពេញរួចបានផ្កាប់បញ្ឈរចេញជារាងសាជី គេដោតទង់តូចៗ និងផ្កាចំរុះគ្រប់ពណ៌ពីលើជាលំអ សំរាប់ ឧទ្ឋិសថ្វាយដល់ព្រះចូឡាមណីចេតិយ ។
២-នៅពេលព្រលប់លោកអាចារ្យ អ្នកកាន់វេន និងពុទ្ឋបរិស័ទទាំងអស់ប្រារព្ឋធ្វើពិធីថ្វាយបង្គំព្រះ និង ឧទ្ទិសហៅដួងព្រលឹង អ្នកដែលចែកឋានទៅអញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ ។
៣-ព្រះសង្ឃនិមន្តចូលក្នុងសាលាឆាន់ ដើម្បីសូត្រធម៌ចំរើនព្រះបរិត្ត និងឧទ្ទិស កុសលបាចទឹកមន្ត គឺពិធី ក្រុងពាលីបាយបិណ្ឌ ។
៤-ព្រះសង្ឃទេសនាច្រើនទេសពីអានិសង្សនៃកុសល ដែលបានឧទ្ទិសដល់អ្នកចែកឋាន ឬពីកុសលផ្សេងៗ ដែលពាក់ព័ន្ឋដល់ពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ។
៥-ព្រះសង្ឃ (ប្រធានសង្ឃ) ប្រទានឱវាទខ្លះៗសំរាប់កម្មវិធីបុណ្យនាវេលាទៀបភ្លឺ ។
ថ្ងៃស្អែកពេលជិតភ្លឺវេលាប្រហែលម៉ោង៤ព្រះសង្ឃទូងស្គរជាសញ្ញាដាស់ឲ្យភ្ញាក់ពីដំណេក ដើម្បីដំណើរការ ពិធីបន្តដូចតទៅ ៖
-ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ ។ រីឯពុទ្ឋបរិស័ទនិងអ្នកកាន់វេនបិណ្ឌ នាំគ្នាចូល ទៅសាលាឆាន់ អុជទៀន ធូបរៀបចំបាយបិណ្ឌ និងថ្វាយបង្គំព្រះ ។
-ព្រះសង្ឃនិមន្តពីព្រះវិហារចូលមកកាន់សាលាឆាន់ដើម្បីសូត្របរាភវសូត្រ ដែលគេនិយមហៅកាត់ថា “សូត្របរា” ។ បរាភវសូត្រនេះ គឺជាធម៌ដែលចែងពីរឿងវិនាស១២ប្រការ មានអំពើផិតក្បត់ ការលេង ល្បែង៣ប្រការ ស្រី ស្រា ល្បែង ការមិនត្រេកអរក្នុងធម៌ អ្នកមានទ្រព្យសម្បត្តិមិនចិញ្ចឹមមាតា បិតា ការ សេពគប់បុគ្គលពាល ។ល។
-សូត្របរាចប់ ព្រះសង្ឃបង្សុកូល និងឧទ្ទិសបាយបិណ្ឌដល់ប្រេតនរក ។ ក្រោយពេលព្រះសង្ឃសូត្រចប់ អាចារ្យវាយគង ហើយភ្លេងពិណពាទ្យចាប់កំដរពិធី ។
-ភ្លេងប្រគុំកំដរជាហូរហែ ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ឋិសជាបន្តបន្ទាប់នោះ ពួកពុទ្ឋបរិស័ទ ទាំងអស់កាន់ចានបាយបិណ្ឌរៀងៗខ្លួនដើរដំរង់ទៅព្រះវិហារដើម្បីប្រទក្សិណ៣ជុំព្រះវិហារ ដែលគេហៅថា “បោះបាយបិណ្ឌ” ។ ពេលដើរជុំវិញព្រះវិហារនោះគេត្រូវដុតធូបប្រាំសរសៃនៅលើចានបាយបិណ្ឌ ។ ឱកាសដើរព័ទ្ឋបានមួយជុំអាចារ្យប្រកាសថា អនុមោទនាលោកអើយ! ទាំងអស់គ្នាស្រែកទទួលថា សាធុ ! រួចគេចាប់យកបាយមួយដុំដាក់ទៅលើដី ឬបោះគ្រវែងទៅកាន់ទីឆ្ងាយហើយដោតធូបមួយសរសៃ ដោត ផ្កាឈូក ឬផ្កាផ្សេងៗមួយទងនៅលើដីដែរ ។ គេធ្វើបែបនេះគំរប់៣ដង។ រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាមអាចារ្យែដលអញ្ជើញចេញទៅក្រៅវត្តទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើ ធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដីដើម្បីឲ្យខ្មោចដែលគ្មានបងប្អូន ធ្វើបុណ្យ បញ្ជូនឲ្យ។ អាចារ្យបានហាមមិនឲ្យលាងចាន និងលាងដៃនៅទីនោះឡើយ ព្រោះហាក់ដូចជាអសីលធម៌ដល់ ខ្មោចដែលកំពុងទទួល។ បន្ទាប់ពីចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នាហើយ អាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឲ្យប្រេតទាំងនោះ ដែលមកចាំទទួលដែរ តែគ្មានញាតិសន្តានឧទ្ទិសឲ្យ ។
-បន្ទាប់ពីចប់កិច្ចក្រៅវត្ត ពុទ្ឋបរិស័ទទាំងអស់បានចូលមកកាន់សាលាឆាន់វិញ ដើម្បីរៀបចំប្រគេន ព្រះសង្ឃឆាន់ពេលព្រឹក។
-ព្រះសង្ឃបានរៀបចំពិធីបង្សុកូល ដើម្បីឲ្យពុទ្ឋបរិស័ទរាប់បាត្រ ។
-ចាប់ពីម៉ោង៨ព្រឹកទៅគេសង្កេតឃើញថា មានអ្នកស្រុក អ្នកភូមិបានយកបាយ ម្ហូប នំចំណី ផ្លែឈើ គ្រប់មុខជាបន្តបន្ទាប់ដើម្បីប្រគេនព្រះសង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្ដើរៗរហូតដល់ម៉ោង១១ ។
-ម៉ោង១១អាចារ្យទូងស្គរម្តងទៀត ដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់ ។
-ពុទ្ឋបរិស័ទប្រជុំគ្នាថ្វាយបង្គំព្រះ និងសមាទានសីលចប់ព្រះសង្ឃធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបញ្ចប់បុណ្យ នៃវេននីមួយៗ ។
កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ បានអនុវត្តជាបន្តបន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១ រហូតដល់វេនទី១៤ ឬបិណ្ឌ១៤ ។ ចំណែកថ្ងៃទី១៥ រោច ខែភទ្របទ គឺជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ” ព្រោះគឺជាការប្រជុំអ្នកកាន់វេន ព្រមទាំងពុទ្ឋបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ ។ ឯកិច្ចឆ្លងកុសល នេះគេរៀបចំដូចវេននីមួយៗដែរ គ្រាន់តែថ្ងៃទី១៥ អ្នកកាន់វេនមកចូលរួមគ្រប់គ្នា ចំណែកពុទ្ឋបរិស័ទ ក៏បានមកចូលរួមច្រើនកុះករលើសថ្ងៃមុនៗ ។
ចំណែកតាមគេហដ្ឋាន នៅពេលក្របីចូលក្រោល ប្រជារាស្ត្រខ្មែរបានរៀបចំសែនដូនតា ដោយមានរៀប កំរាលស ពីលើខ្នើយប្រវែងប្រហែលពីរម៉ែត្រ ដាក់សំលៀកបំពាក់ឆ្វេងស្តាំ ។ រណ្ដាប់ហូបចុកមាន ម្លូស្លាបារី បង្អែម ចំអាប ផ្លែឈើ ភេសជ្ជៈ និងទឹកមួយផ្តិលបង់ផ្កាម្លិះផង ។ នៅលើចានម្ហូបអាហារ ផ្លែឈើសុទ្ឋតែបានអុជធូបមួយសរសៃ ដើម្បីឲ្យបានជ្រោប ហើយអុជទៀនបំភ្លឺព្រោងព្រាតផង។
នៅពេលល្ងាចនោះដែរ គេបានយកស្រទបចេក ឬដើមចេកមករចនាធ្វើជាទូក ឬ សំពៅទុកសំរាប់ព្រឹកស្អែក ពេលព្រះអាទិត្យជិតរះច្បាស់ ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់អាស្រ័យវិញ ។ នៅលើទូក ឬ សំពៅនោះដែរ គេដាក់ថង់តូចៗដែលមានដាក់ស្រូវ អង្ករ អំបិល ពោត សណ្ដែក ល្ងឆៅ …សំរាប់ទុកជូនដូនតាហូបចុកបន្តទៀត ។

ប្រភពពី  http://www.khmeronline.info/update/book01/story_5.htm

រឿងព្រេងទាក់ទងនិងពិធីបញ្ចូលម្លប់កូនស្រី

January 24th, 2009

មានរឿងដំណាលថា កាលនោះមានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អផ្តាច់ នៅក្នុង ព្រៃស្មសាន ដើម្បីនឹងទុកដាក់របស់ទ្រព្យ មាន មាស ប្រាក់ សំពត់ អាវសាវស្បែជាដើម ដែលខ្លួន ទៅលួចប្លន់គេបានពីទីផ្សេងៗមក។
មហាចោរនោះលុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា “អាត្មាអញមានទ្រព្យសម្បត្តិច្រើនដល់ម្លឹង ដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិតសព្វគ្រប់ទៅការខំប្រឹងរបស់អញនេះ ដូចជាគ្មាន បានការអ្វីសោះ ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ និងក្លាយទៅជារបស់ អសារឥតការគួរឲ្យស្តាយ បេីមានកូនប្រពន្ឋគ្រាន់និងស៊ីមរតកនោះទៅរ៉ា អាត្មាអញនិងមិនសូវជាស្តាយ ពេក”។ គិតហើយមហាចោរក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលក្មេងស្រី-ប្រុស ដែលនាំគ្នា លេងខ្ញៀវខ្ញានៅក្រោមម្លប់ឈើ។ លុះគយគន់ទៅឃើញនាងតូចមួយនោះ មានរូបឆោមស្អាតសមរម្យ មានសាច់ឈាមថ្លា ថ្លៃថ្នូរ គួរឲ្យស្រលាញ់ ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីហ្វូង ហើយក៏ បញ្ឆោតនាំយកទោដល់ផ្ទះផងខ្លន។ ដោយខ្លាចកូនក្មេងនោះលួចរត់ទៅរកម៉ែឪវាវិញ ព្រមទាំងការពារ កុំឲ្យម្តាយឪពុកវាតាមទៅរកឃើញ មហាចោរក៏យកក្មេងនោះទៅលាក់ទុកក្នុងបន្ទប់ ចាក់សោយ៉ាង ខ្ជាប់ខ្ជួន។ រាល់ពេលបាយ ឬ ពេលបានចំណីអាហារឆ្ងាញ់មក មហាចោរតែងហុចតាមបង្អួចមួយ តូចទៅឲ្យនាងបរិភោគ ។
ក្មេងស្រីនោះនៅក្នុងម្លប់ ក៏ចេះតែចំរើនសាច់ឈាមរាល់ថ្ងៃជាលំដាប់ ។ លុះនាងពេញវ័យក្រមុំ ការដែល នាងមិនមានត្រូវពន្លឺព្រះអាទិត្យ និងមិនបានជាន់ដី បណ្ដាលឲ្យនាងមានជំងឺស្គមស្គាំងស្លេកស្លាំង ។ មហាចោរ ភ័យណាស់មិនដឹងជាកូនមានជំងឺអ្វី ក៏ត្រាច់ទៅក្នុងភូមិមួយឆ្ងាយទើបបានជួបនិងដូនចាស់ម្នាក់ ធ្លាប់ធ្វើឆ្មប ក៏និយាយអង្វរសុំអញ្ជើញដូនឲ្យមកជួយមើលកូនខ្លួន ។
យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាងហើយយល់ការណ៍ ក៏ប្រាប់នាងថា “ចៅយាយអើយ! ចូរចៅកុំព្រួយអ្វី! ចៅឈឺនេះគ្មានអ្វីក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលនាងផ្លាស់វ័យនេះឯងហើយ ដែលធ្វើឲ្យនាងចេះតែរសាប់រសល់ ចុកខ្នង ចុកចង្កេះ ល្ហិតល្ហៃ ទន់ដៃទន់ជើង កុំព្រួយអ្វីណាចៅ ! ចាំយាយផ្សំថ្នាំសង្កូវឲ្យនាងញ៉ាំ ឲ្យបានធូរស្រាលឆាប់រហ័ស”។ ថាហើយ យាយម៉បក៏ទៅរកស្ទោះសំបក ឈើមកផ្សំថាំ ដាំឲ្យនាងនោះអាស្រ័យ ហើយផ្តាំថា “ចៅអើយ! ចៅយកថ្នាំនេះទៅហាលថ្ងៃឲ្យស្ងួត ហើយរកថូ ឬ ឆ្នាំងអ្វីដាក់ទុកទៅ ពេលនាងដឹងថា ជិតដល់រដូវកាលហើយ ចូរនាងយកមួយកញ្ចប់ មកដាំញ៉ាំ៤-៥ថ្ងៃទៅ នោះនាងនឹងបានធូរស្រាលក្នុងខ្លួន ដូចបំណង ហើយសាច់ឈាមពណ៌សម្បុររបស់នាង ក៏រិតតែល្អឡើងដែរ “។
លុះកូនស្រីមហាចោរផឹកថ្នាំ បានធូរស្រាលស្បើយរោគហើយ យាយម៉ប ក៏ចូលទៅសំពះសុំលាមហាចោរ ត្រលប់ទៅមើលផ្ទះសំបែងវិញ ។ មហាចោរបានយកមាសប្រាក់ជូនជាទ្រនឹបរង្វាន់យាយម៉ប ហើយជូន ត្រឡប់ដល់ផ្ទះវិញ ។
ពេលរៀបចេញដំណើរពីផ្ទះមហាចោរទៅ យាយម៉បនឹកក្នុងចិត្តថា “កន្លែងមហាចោរនេះ ឆ្ងាយដាច់ ស្រយាល ពីភូមិស្រុកគេណាស់ ឯព្រៃទៀតសោតក៏ញឹកស្ងាត់ជ្រងំ គួរឲ្យខ្លាច ប្រសិនបើអញត្រូវការចង់ មករកទីនេះវិញ ធ្វើម្តេចនិងរកផ្លូវមកឃើញ!” នឹកសព្វគ្រប់ហើយ គាត់ក៏រកបានគ្រប់ឪឡឹកមួយបង្វិច យកមកតាមខ្លួន ដើរបណ្ដើរចាប់គ្រាប់ឪឡឹករោយបណ្ដើរ រហូតមកដល់ផ្ទះគាត់។
តទៅនេះនិងថ្លែងចាប់សារដើមបន្តិច អំពីពេលដែលយាយម៉បបានទៅនៅថែទាំងកូនចោរនោះមក គាត់ តែងតែសង្កេតមើលឫកពារ និងរូបឆោមកូននោះឃើញល្អ ក៏ចេះតែគួចចិត្តទុក និងសម្លឹងរកកម្លោះរូបណា មួយឲ្យសមគ្នានិងនាង ។
ថ្ងៃមួយអាស្រ័យបច្ច័យហេតុផលពីបុព្វេបណ្ដាលចិត្តមាណពម្នាក់ ដែលត្រលប់ពីរៀនវិជ្ជាការ ឲ្យចង់ចូល ទៅសុំសំរាកនៅផ្ទះយាយម៉បនោះសិន ត្បិតថ្ងៃកាន់តែជ្រេ កម្លាំងក៏អស់ ហេវបាយ ផ្លូវទៅមុខក៏ឆ្ងាយ ក្រែងយប់កណ្ដាលផ្លូវ ក៏រូតរះចូលទៅសំពះដូនចាស់សុំសំណាក់មួយយប់ ។ ដូនចាស់កំពុងតែរៀបចំ និងដាំបាយបរិភោគ ជួនក្រឡេកឃើញមាណពចូលមកសំពះសុំស្នាក់ ក៏មានចិត្តសប្បុរសទទួលឲ្យនៅ ហើយដាំបាយបណ្ដើរ សំណេះសំណាល់សួរអំពីពូជពង្សបណ្ដើរ។ លុះអាស្រ័យបាយរួច និងទុកដាក់ចាន ក្បានស្រេច យាយម៉ប ដែលចេះតែលបសង្កេតរូបឆោមមាណពនោះតាំងតែពីចូលមក ក៏បង្ហើបសំណួរថា “ចៅអើយ ! ពីកាលដែលចៅលាឪពុកម្តាយមកសែ្វងរកតំរិះវិជ្ជានេះ តើឪពុកម្តាយចៅ មានស្តីដណ្ដឹង កូនចៅអ្នកឯណាទុកឲ្យចៅហើយឬនៅ?” ។
ចៅមាណពតបថា “មិនទាន់មាននៅឡើយទេ! ” ហើយបន្តសម្តីថា “ខ្ញុំនឹកថាប្រសិនបើនៅពេល ដែលខ្ញុំ ធ្វើដំណើរកាត់ស្រុកភូមិគេនេះ បានជួបស្រីណាមួយមានលក្ខណៈសម្បត្តិសមរម្យល្អ ខ្ញុំនឹងយកគេធ្វើ ប្រពន្ឋហើយ! តើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណា ដែលល្អនៅក្នុងស្រុកភូមិរបស់យាយនេះ ដែរឬទេ?” ។
-ចៅអើយ! (យាយម៉បនោះឆ្លើយ) នៅក្នុងស្រុកភូមិនេះ មិនឃើញមានស្ត្រីណាម្នាក់ដែលសក្តីសម និងចៅទេ ប៉ុន្តែជីដូនធ្លាប់បានឃើញស្ត្រីម្នាក់ដែរ នាងនោះជាកូនមហាចោរ នៅក្នុងព្រៃដាច់ស្រយាល ឯណោះ។
យាយម៉បក៏និយាយរាប់រៀបអំពើដំណើររឿងដែលគាត់បានទៅឃើញនាងនោះ និងបានសង្កេតឃើញឫកពារ សមរម្យ។ ឮពាក្យសរសើររបស់យាយម៉ប មាណពនោះអន្ទះសារចង់ឃើញរូបនាង ក៏អង្វរឲ្យយាយជូន ទៅ។
-ទេចៅ (យាយម៉បប្រកែក) យាយជូនទៅមិនបានទេ ព្រោះយាយខ្លាចមហាចោរនោះណាស់ ធម្មតា ចិត្តមហាចោរ តែដល់មានការអ្វីស្រួលមិនស្រួលកើតឡើង វាមុខជាមកសម្លាប់យាយចោលហើយ ! ។ យាយចាស់ហើយ តែយាយនៅចង់រស់នៅឡើយ។ ចូរចៅជឿជាក់ថា យាយចង់ឲ្យចៅនិងនាងនោះ បានគ្នាជាប្តីប្រពន្ឋណាស់ ព្រោះតាំងតែពីកាលយាយបានឃើញនាងមក ទោះពេលយាយចេញដើរទៅផ្សា ទៅកាន់ភូមិនានា ទៅសង្គ្រោះគេក្តី យាយតែងតែគយគន់សម្លឹងមើលរាល់ថ្ងៃ តែមិនប្រទះឃើញ បុរសកម្លោះណាម្នាក់ ឲ្យសមល្មមនិងចិត្តយាយសោះ ទើបតែពេលនេះចៅមកដល់ចំជាមហាលាភហើយ ចៅគេងឲ្យស្រួលទៅ ព្រឹកស្អែកចាំចៅចេញដំណើរទៅរកនាង”។
នៅពេលយប់នោះ បុរសចេះតែគិតសព្វគិតគ្រប់ ដេកក៏មិនលក់ ដោយប្លែកកន្លែងផង ទន្ទឹងឲ្យតែភ្លឺឆាប់ផង ណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះថ្នាក់ជាមួយនិងមហាចោរ លុះយប់ យន់ទើបបុរសគេងលង់លក់ទៅ ។
ពេលមាន់រងាវភ្លឺស្រាងៗ យាយម៉បក្រោកដាំបាយ រកម្ហូបក្រៀមក្រោះ ទឹកបំពង់ ទុកបំរុងជាស្បៀង ឲ្យមាណពធ្វើដំណើរ ។ លុះមាណពក្រោកឡើងហើយ យាយក៏ឲ្យស្រស់ស្រូប រួចប្រគល់កញ្ចប់អាហារ សំរាប់តាមផ្លូវហើយនាំបង្ហាញតម្រុយដើមឪឡឹកឲ្យចៅមាណពធ្វើដំណើរចេញទៅ ។
-នែចៅ! (យាយម៉បប្រាប់) ចូរចៅដើរទៅតាមជួរដើមឪឡឹកនេះទៅចុះ ! ចៅនិងបានទៅដល់ ផ្ទះនាងនោះហើយ តែថាចូរចៅប្រយ័ត្នខ្លួនឲ្យមែនទែនណា ! ចៅទៅចុះ ! សូមឲ្យបានសេចក្តីសុខ ឲ្យបាន សំរេច ដូចសេចក្តីប្រាថ្នា បើមានសត្រូវមកពីមុខឲ្យរំលង បើមកពីខ្នងឲ្យរលាយណាចៅណា ។
មាណពក្រាបប្រណិប័តន៍លាលោកយាយហើយកចេញដំណើរទៅ។ ថ្ងៃជ្រេបន្តិច ទើបទៅដល់សំណាក់ មហាចោរ ។ គាប់ជួនពេលនោះមហាចោរមិននៅ ចេញទៅរកប្លន់គេបាត់ ទុកតែកូនស្រីឲ្យនៅចាំផ្ទះ តែម្នាក់ឯង ។ នាងកំពុងតែដើរតត្រុក បោសច្រាសសម្អាតផ្ទះសម្បែងតាមទំលាប់ ពុំមានគិតក្រែងអ្វី ឡើយ។ ឯចៅមាណពនោះ ទៅលបគយគន់ឃើញសព្វគ្រប់ហើយដឹងថា នាងនៅម្នាក់ឯង ក៏ប្រថុយ ស្រែកហៅ ។ នាងឮសូរមាត់មនុស្សចំលែក នឹកភ័យណាស់ គិតថា “តើអ្នកណា ! ហ៊ានចូលមក ដល់ទីនេះ?” ប៉ុន្តែនាងក្រឡេកទៅឃើញយុវបុរសជាអ្នកមានឬកពាសុភាពរាបសារល្អ មិនគួរឲ្យខ្លាច នាងក៏បើកទ្វារ ហៅឲ្យបុរសចូល ហើយនិយាយសាកសួរគ្នាទៅវិញទៅមក មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួល រាក់ទាក់សំណេះសំណាលតាមផ្លូវលោកីយ៍ ដោយសុខចិត្តសុខកាយលើកជាស្វាមី ហើយនាំយកទៅលាក់ មិនឲ្យមហាចោរជាឪពុកដឹងឡើយ ។
ប៉ុន្តែក្នុងកាលជាបន្ទាប់មក មហាចោរសង្កេតឃើញឫកពារកូនស្រីរបស់ខ្លួនប្លែកពីធម្មតា គឺឃើញនាងតែង ខ្លួនជានិច្ចកាល ធ្វើការងារសព្វសារពើក្នុងផ្ទះ ដោយមិនបាច់ឪពុកតឿនឡើយ ដូចជាចង់ផ្គាប់ផ្គន់មនុស្ស ណាម្នាក់ ដែលជាទីពេញចិត្ត ។ មហាចោរនឹកសង្ស័យថា “នាងនេះច្បាស់ជាមានប្រុសសហាយហើយ !” ក៏នឹកតូចចិត្តនិងកូនស្រី លាយនិងសេចក្តីខ្មាសអៀនអាសហាយនាងនោះផង ក៏ដើរចោលទីកន្លែងនោះ ទៅ។
ឯទាំងពីរអ្នកប្តីប្រពន្ឋនៅក្នុងព្រៃយូរបន្តិចទៅ មិនឃើញមហាចោរនោះត្រលប់មកវិញ ក៏នាំគ្នាចុះមក រកភូមិស្រុកនិងគេ។ លុះមកដល់ភូមិស្រុកហើយ ក៏ចូលទៅអរគុណនិងយាយម៉ប ព្រមទាំងជូនរង្វាន់គាត់ ខ្លះទៀតផង ។ យាយម៉បមានចិត្តត្រេកអរណាស់ ដើរប្រាប់អ្នកជិតខាងឲ្យមកមើលនាង ដោយថ្លែង បូរបាច់ប្រាប់គេថា “នាងនេះមានរូបឆោមលោមពណ៌សាច់ជិតល្អ មកអំពីគេនៅតែក្នុងម្លប់ ដល់ចេញពី ម្លប់ក៏មានប្តីតែម្តង “។
អ្នកស្រុកឃើញដូច្នោះ ក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការ ទៅឃាំងក្នុងម្លប់ ដើម្បីឲ្យបានល្អដូចគេ ក៏ជាប់ជាទំនៀមរហូតមក ។

ប្រភពពី http://www.khmeronline.info/update/book01/story_4.htm

រឿងព្រេងទាក់ទងនិងទំនៀមទំលាប់ចោះត្រចៀកកូនស្រី(១)

January 24th, 2009

តាមទំនៀមពីបុរាណកាលមកក្មេងស្រីៗសុទ្ឋតែចោះត្រចៀកគ្រប់ៗគ្នាទាំងអស់។ រហូតមកដល់សម័យ បច្ចុប្បន្ននេះ ក៏នៅតែធ្វើចំពោះត្រចៀកដែរ គឺគេចោះត្រចៀកទុកសំរាប់ពាក់គ្រឿងអលង្កាផ្សេងៗ មាន កាវ កបិត ទំហូ ជាដើម ។ ឯក្មេងប្រុសៗមិនមានចោះត្រចៀកទេ ។
រឿងនេះខ្ញុំបានដឹងពីសំណាក់ដូនចាស់ម្នាក់ ឈ្មោះ មាស នៅភូមិពោធិដូតអស់ គាត់បានស្លាប់ប្រហែល ១៨ឆ្នាំហើយ (២)។
ដើមឡើយខ្ញុំសួរគាត់ថា “យាយ ! ហេតុដូចមេចក៏ប្រហោងត្រចៀកយាយធំម្លេះ? តើយាយពាក់កាវ ប៉ុន្មានទៅ? ” យាយមាសឆ្លើយតបវិញថា “ចៅឯងមិនទាន់ដឹងទេ ចាស់ៗជំនាន់យាយ គេមិនសូវពាក់ កាវទេ គឺគេពាក់តែត្រសាល់ ឯត្រសាល់នោះ បើអ្នកមានទ្រព្យសម្បត្តិច្រើនគេធ្វើដោយមាស -ប្រាក់ ឬភ្លុក។ ឯអ្នកក្រសម្បត្តិទ្រព្យគេធ្វើដោយឈើពាក់ សោះតែទំនេរត្រចៀក ណា៎ចៅ!។ អាស្រ័យការពាក់ ត្រសាល់នេះ ទើបបានជាត្រចៀកយាយយារធ្លាក់ចុះ ហើយមានប្រហោងធំដូច្នេះឯង។ ត្រសាល់នេះរាង ប៉ុនមេដៃ មានសណ្ឋានប្រហែលនិងត្រសាល់អំបោះសព្វថ្ងៃនេះដែរ តែល្អជាង ព្រោះមានឆ្លាក់ក្បូរក្បាច់នៅ ត្រង់កញ្ចាំង (មុខ) ។ ព្រោះហេតុែតមានរាងរៅដូចគ្នានិងត្រសាល់អំបោះ ទើបគេហៅវាថា “ត្រសាល់” ដែរ។
តែក្មេងស្រីៗជំនាន់ដើម គេពាក់គ្រឿងអលង្កាម្យ៉ាងហៅថា “កន្ទួត” ។
កន្ទួតមានកញ្ចាំងដូចជា “កាវទងត្រង់” សព្វថ្ងៃនេះដែរ តែឥតមានត្បូងទេ។ នៅត្រង់កន្លែងដាក់ត្បូង គេធ្វើរាងដូចផ្លែកន្ទួត ហើយធ្វើក្រវិលមូលមួយសំរាប់ដោតក្នុងរន្ឋត្រចៀកចោះ ។ កន្ទួតនោះគេធ្វើ ដោយមាស ឬទង់ហ្វ៊ា ។
ទំនៀមចោះត្រចៀកនេះ មានរឿងព្រេងមួយដំណាលថា ៖
កាលពីកន្លងទៅយូរយារណាស់មកហើយ មានកុដុម្ពីក៏ម្នាក់ ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ មានខ្ញុំកំដរ ស្រីប្រុសជាច្រើន មានមាសប្រាក់កែវកងពិទូរ្យសូរ្យកាន សព្វបែបយ៉ាង ។ កុដុម្ពីក៏នោះក៏មានចិត្តក្បត់ និងភរិយារបស់ខ្លួន ហើយទៅសហាយស្មន់និងខ្ញុំបំរើស្រីម្នាក់។ លុះយូរទៅប្រពន្ឋដើមដឹងរឿង តែមិន ដឹងេធ្វីម៉េចនិងធ្វើបាបខ្ញុំបំរើស្រីនោះបាន។ ថ្ងៃមួយកុដុម្ពីក៏ មានដំណើរទៅស្រុកក្រៅពេញមួយថ្ងៃ ប្រពន្ឋដើមបានឱកាសក៏នាំទាសីដទៃទៀតរបស់ខ្លួន ទៅចាប់នាងស្រីជាសហាយរបស់ប្តីនោះ មកធ្វើបាប វាយដំច្រំធាក់ និងជេរបញ្ចោរច្រាសឆ្អេះយ៉ាងអស្ចារ្យ រួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀក ទាំងពីររបស់នាងនោះ ហើយទុកចោលនៅលើផ្ទះនោះទៅ ។
លុះវេលាល្ងាច កុដុម្ពីក៏ ត្រលប់មកពីស្រុកក្រៅវិញ ឃើញដូច្នេះក៏សួរទៅនាងសហាយនោះថា “យ៉ាងម៉េច! បានជាគេយកដែកគោលបោះស្លឹកត្រចៀកដូច្នេះ?” ។ នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ ប្តីក៏ដកដែក គោលចេញរកថ្នាំលាបស្រួលបួលហើយ ឲ្យទៅនៅផ្ទះមួយឆ្ងាយពីគ្នា ។
ចាប់តាំងពីថ្ងៃនោះមក នាងសហាយនោះមានសេចក្តីអៀនខ្មាស់គេជាច្រើន ព្រោះត្រចៀកខ្លួនមាន ស្នាមប្រហោង។ នាងចេះតែនិយាយនិងប្តីថា ឲ្យជួយធ្វើយ៉ាងណាដើម្បីឲ្យបាត់ស្នាមប្រហោងត្រចៀកនាង។ កុដុម្ពីក៏ធានារាប់រងថា នឹងរកមធ្យោបាយធ្វើឲ្យបាត់ស្នាម ហើយឲ្យបានល្អទៀតផង ។ នៅយប់មួយ កុដុម្ពីក៏ដេកសញ្ជឹងគិតឃើញថា បើអញយកមាសទៅឲ្យជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូច ដែក គោល ហើយយកមកឲ្យនាងពាក់បិទត្រង់រន្ឋស្នាមនោះ ប្រហែលនិងបានល្អ ។ លុះគិតហើយ ទើបកុដុម្ពីក៏ ចាត់ឲ្យជាងធ្វើបានដូចបំណង ដោយបង្គាប់ឲ្យធ្វើមានកញ្ចាំងដាំត្បូងពេជ្រ រំលេចដោយក្បាច់រចនាផ្សេងៗ យ៉ាងល្អវិចិត្រគួរឲ្យចង់បាន ។ នាងសហាយក្រោយដែលបានពាក់ដែកគោលមាសដាំត្បូងពេជ្រ ក៏ឃើញមាន លម្អប្លែក នាំឲ្យនាងមានចិត្តរីករាយយ៉ាងក្រៃលែង ។
លុះថ្ងៃក្រោយមក នាងប្រពន្ឋដើមបានឃើញត្រចៀកនាងសហាយដែលខ្លួនបោះដែកគោលនោះ មានពន្លឺភ្លឺ ផ្លេកៗគួរឲ្យស្រលាញ់ ក៏សួរនាងនោះថា “នាងបានអ្វីមកពាក់នៅត្រចៀកនោះក៏ល្អម្លេះ?” ។ នាងសហាយ ឆ្លើយថា “ខ្ញុំពាក់ដែកគោលដាំត្បូងពេជ្រ ជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុននោះ” ។
នាងប្រពន្ឋដើមបានដឹងហើយ ក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយឲ្យជាងធ្វើដែកគោលដាំត្បូង ពេជ្រពាក់ ដូចនាងប្រពន្ឋចុងដែរ ។
ចាប់តាំងពីសម័យនោះមក ស្រីៗឯទៀតក៏នាំគ្នាចោះត្រចៀកកូនស្រី តាំងពីនៅក្មេងតូចៗទុកសំរាប់ ពាក់គ្រឿងអលង្កាផ្សេងៗ ជាប់រហូតមកដល់សព្វថ្ងៃនេះ ។

ប្រភពពី​ http://www.khmeronline.info/update/book01/story_3.htm
============
(១) តាមឯកសារទំនៀមទំលាប់លេខ ៣២.៦០២ រៀបរៀងដោយ ដាង ដា នៅភូមិបារាយ សង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
(២) គឺគិតមកដល់ឆ្នាំ ១៩០១ ដែលអ្នកនិពន្ឋបានសរសេរឯកសារនេះ

រឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគ

January 24th, 2009

តាមពិតទៅពិធីបំបួសនាគមិនមែនជារឿងថ្មីរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ពិធីនេះបានកើតមានតាំងតែពី បរមបុរាណមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននៅតែជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរដដែល ព្រោះវាជា ស្ពានសីលធម៌ចម្លងមនុស្សទៅកាន់ភាពរុងរឿងនៃជីវិត វៀរចាកអំពើបាបទាំងឡាយ កើតមានតែភាពស្ងប់ ស្ងាត់ មិនលោភលន់មានចំណេះដឹងខ្ពង់ខ្ពស់ ជួយបំភ្លឺភាពត្រឹមត្រូវ ដល់មនុស្សជំនាន់ក្រោយជាបន្តបន្ទាប់។ ពិធីបំបួសនាគបានរលំរលាយក្នុងរបបខ្មែរ ក្រហមកាន់កាប់អំណាចនាឆ្នាំ១៩៧៥-១៩៧៩ ក្រោយថ្ងៃរំដោះ ប្រជាពលរដ្ឋមានសេរីភាព សង្គមត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ស្ថាប័នផ្សេងៗ ពិធីបំបួសនាគបានចាប់ េផ្តីមកំរើកឡើងវិញ ប៉ុន្តែបច្ចុប្បន្ននេះសំបូរតែនៅតាមតំបន់ជនបទប៉ុណ្ណោះ យូរៗម្តងកើតមាននៅទីក្រុង ភ្នំពេញ។ ថ្មីៗនេះនៅទីក្រុងភ្នំពេញ ពិធីបំបួសនាគបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកូន ប្រុសរបស់ត្រកូលអភិជនតិចតួចបានសំរេចសាងផ្នួសនៅជាមួយព្រះធម៌រយៈពេលខ្លីជាគំរូមួយ ខណៈដែលកូន ប្រុសត្រកូលអភិជនជាច្រើនទៀតមិនបានធ្វើបែបនេះ។ គួររំលឹកថា នៅក្នុងពិធីបំបួសនាគត្រូវរៀបចំទៅតាម លំដាប់ប្រពៃណី មានពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃនាគ ពិធីលាបប្រេងម្សៅ ពិធីចំរើនព្រះបរិត្តនាគ ពិធីហែនាគ៣ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទា ចំពោះព្រះពុទ្ឋរូប ពិធីនាគវន្ទាព្រះឧបជ្ឈាយ៍ ពិធីសុំនិស្ស័យបំបួសនាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃហត្ថាបាស ចំរើនពុទ្ឋជ័យមង្គល ពិធី ពហុទេវា សាមណេរវន្ទាលាញោមប្រុស-ស្រី លោកតា លោកយាយ ដើម្បីសាងផ្នួសពិធីកប់សក់ដើម្បីសុំសេចក្តីសុខ ។ ពិធីបំបួសនាគនេះជាពិធីមួយធំ ដែលមានទម្លាប់ធ្វើតាំងពីបុរាណកាលមកហើយដែលចូលជ្រួតជ្រាបទៅក្នុងចិត្ត នៃប្រជាជនខ្មែរគ្រប់រូប ព្រោះ ព្រះពុទ្ឋសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិ។ ឯការបំបួសកូនចៅក៏ជាកិច្ចទំនុកបំរុង ព្រះពុទ្ឋ សាសនាមួយដែរ។ ម្យ៉ាងទៀតព្រះពុទ្ឋសាសនាជាប្រភពនៃការបណ្ដុះបណ្ដាលនិស្ស័យអក្សរសាស្ត្រ និង តម្រិះវិជ្ជាផ្សេងៗមានជំនាញ សំណង់ និងការរចនាផ្សេងៗជាដើម ។ មនុស្សដែលបានបួសក្នុងព្រះពុទ្ឋ សាសនាមានតម្លៃខ្ពស់ជាងមនុស្ស ដែលពុំបានបួស ព្រោះអ្នកស្រុកតែងយល់ថា អ្នកបួសជាមនុស្សស្គាល់ បាបបុណ្យ គុណ ទោសច្បាស់លាស់ ហើយខ្មែរយើងតែងមានជំនឿម្យ៉ាងទៀតថា “បួសនេន សងគុណ ម្តាយ បួសភិក្ខុ សងគុណឪពុក”។ ជំនឿទាំងនេះបានជ្រាបជ្រៅទៅក្នុងសន្តានចិត្តប្រជាជនខ្មែរទូទាំងប្រទេស រហូត ដល់ពេលរៀបចំទុកដាក់កូនចៅឲ្យមានប្តី-ប្រពន្ឋ ក៏គេនិយមប្រកាន់រើសរកតែបុរសណាដែលបានបួសរៀន ផងដែរ។ អ្នកស្រុកស្រែចំការនៅប្រកាន់ទំនៀមទម្លាប់ខាងលើនេះជាប់រហូតដល់សព្វថ្ងៃ ប៉ុន្តែមិនសូវជាតឹងរ៉ឹង ដូចកាលពីដើមទេ ព្រោះឥលូវនេះមានសាលារៀនរដ្ឋការច្រើន ហើយដែលសំរាប់បណ្ដុះនិស្ស័យ និងតម្រិះ វិជ្ជាផ្សេងៗ ដោយគេយល់ថា “អ្នកបួសជាមនុស្សប្រសើរ”យ៉ាងនេះហើយទើបគេហៅ បព្វជ្ជាបេក្ខៈ និង ឧបសម្បទាបេក្ខៈថា”នាគ”។ “បំបួសនាគ” គឺបំបួសមនុស្សប្រសើរ។ ដំរីមានភ្លុកដែលធំល្អជាងគេ និងពស់ ដែលធំវិសេសជាងគេ ក៏ហៅថា “នាគ” ដែរ ព្រោះពាក្យថា “នាគ”នេះមានន័យថា “ប្រសើរ” ។ ប៉ុន្តែ ទំនៀមបំបួសនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថា កាលដែលព្រះសម្មាសម្ពុទ្ឋទ្រង់គង់នៅក្នុងវត្ត ជេតពន់នាគរាជមួយមានមហិទ្ឋីរិទ្ឋិមានសទ្ឋាជ្រះថ្លាក្នុងព្រះពុទ្ឋសាសនាចង់បួសជាភិក្ខុ ក៏កាឡាខ្លួនជាមាណព ចូលទៅថ្វាយបង្គំព្រះមហាតិស្សត្ថេរ ហើយទូលថា “ខ្ញុំព្រះករុណាសូមបួសជាព្រះមហាថេរផង” ។ ព្រះ មហាតិស្សត្ថេរ ក៏បំបួសស្តេចនាគកាឡានោះជាភិក្ខុទៅ។ ថ្ងៃមួយនៅពេលដែលភិក្ខុស្តេចនាគនោះសិងពេល ថ្ងៃយ៉ាងស្កប់ស្កល់ ខ្លួនលោកក៏ក្លាយជានាគឆ្វាយរង្វេលពេនពេញបន្ទប់។ ស្បង់ចីវរខ្ចាត់ខ្ចាយអស់រលីងអំពី កាយ ។ ពេលនោះសាមណេរមួយអង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្តឆាន់ លុះបើកទ្វារទៅស្រាប់តែឃើញពស់ ពេនពេញបន្ទប់ ភ័យរន្ឋត់ស្ទុះរត់ស្រែកឆោឡោផ្អើលពេញទាំងវត្ត ។ លុះជ្រាបទៅដល់ព្រះដ៏មានបុណ្យ ទើប ព្រះអង្គទ្រង់ព្រះប្រញប្តថា “ចាប់ពីថ្ងៃនេះទៅ ភិក្ខុឯក្រោយកុំបីបំបួសសត្វតិរច្ឆាននូវខ្មោច បិសាច រាជភូត យក្សាឡើយ”។ អាស្រ័យដំណើរដែលព្រះអង្គទ្រង់ប្រញប្តដូច្នេះ ទើបភិក្ខុនាគក្រាបទូលព្រះដ៏មានបុណ្យថា “ខ្ញុំព្រះអង្គនេះមានចិត្តស្មោះចំពោះសាសនាព្រះអង្គពិតណាស់ ឥតមានក្លែងបន្លំទេ បើខ្ញុំព្រះអង្គមានភេទជា សត្វ មិនអាចបួសក្នុងសំណាក់ព្រះអង្គបាន ដូច្នេះខ្ញុំព្រះអង្គសូមពរឲ្យមានព្រះប្រញប្តថា បើភិក្ខុនឹងបំបួស កុលបុត្រ សូមឲ្យហៅអ្នកសុំផ្នួសនោះថា “នាគ” ដូច្នេះតទៅដើម្បីឲ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គ ដែលជា អ្នកស្មោះចំពោះសាសនាព្រះអង្គ តែពុំមាននិស្ស័យនឹងបានបួសជាភិក្ខុដូចមនុស្សផងទាំងពួង។ ព្រះពុទ្ឋអង្គ ទើបបញ្ញត្តិពាក្យឲ្យហៅបព្វជ្ជាបេក្ខៈនិងឧបសម្បទាបេក្ខៈថា”នាគ” តាមសំណូមពរដែលស្តេចនាគសុំ ។ អាស្រ័យរឿងនេះឯង ទើបមានឈ្មោះ ហៅថា “នាគ-នាគ”រហូតមក ។
ដកស្រង់ចេញពីសៀវភៅប្រពៃណី ទំនៀមទំលាប់ខ្មែរ