បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឲ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្តុំដាក់ក្នុងបាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឲ្យប្រជុំគ្នា ឬធ្វើឲ្យជួបជុំគ្នា ។ ប្រជារាស្ត្រខ្មែរបានឲ្យតំលៃ និងសារៈសំខាន់ទៅលើបុណ្យធំៗពីរ គឺបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ និងពិធី បុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុងទីវត្តអារាម ដែលត្រូវប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១ រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ក្នុងអំឡុង១៥ថ្ងៃនេះគេតាំងចិត្តដាច់ខាតត្រូវតែ ទៅវត្តឲ្យបានម្តងយ៉ាងតិចក្នុង ថ្ងៃណាមួយមិនអាច ខកខានបានឡើយ ទោះជាមានការមមាញឹក ឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។ រឿងហេតុទាំងអស់ នោះក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និងអនុវត្តជារៀងរាល់ ឆ្នាំតៗគ្នាមក។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្តដែលបានចែក ឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុង អបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញពន្លឺ ព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។ លុះដល់រដូវបុណ្យនេះ គេបានដោះ លែងឲ្យមកទទួលយកផល្លានិសង្ស ដែលញាតិសាច់សាលោហិត ធ្វើបុណ្យឧទ្ទិសឲ្យ ។ ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេចបណ្ដាសា ឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយមិនឃើញ សាច់ញាតិធ្វើបុណ្យបញ្ជូនឲ្យទេ ។ ជាមួយគ្នានេះដែរ ដែលគេមានក្តីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ឋាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឲ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្តីសុខ និងសេចក្តីចំរើន ។
ប្រវត្តិបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ
ដើមកំណើតបុណ្យនេះមិនមានឯកសារណាមួយបានបរិយាយថា ចាប់ធ្វើពីសម័យណាទេ ។ ប៉ុន្តែក្នុងគម្ពីរ តិរោកុឌ្ឌសូត្របានបរិយាយថា ព្រះបាទពិម្ពិសារមានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ឋ គឺស៊ី បាយមុនលោក លុះចាកលោកទៅកាន់លោកខាងមុខ ក៏កើតទៅជាប្រេត ។ លុះដល់ព្រះសម្ពុទ្ឋព្រះនាម កុក្កសន្ឋោបានត្រាស់ដឹងឡើងក្នុងលោក ពួកប្រេតទាំងនោះទៅសួរព្រះអង្គថា “ចុះយើងខ្ញុំកាលណា បានអាហារបរិភោគ ?” ព្រះពុទ្ឋត្រាស់ថា “ចាំសួរព្រះពុទ្ឋជាន់ក្រោយចុះ ក្នុងសាសនាតថាគតអ្នកទាំង ឡាយមិនត្រូវបានអាហារបរិភោគទេ”។ លុះដល់ព្រះពុទ្ឋព្រះនាមនាគមនោបានត្រាស់ដឹង ពួកប្រេតទាំង នោះនាំគ្នាទៅសួរទៀត ។ ព្រះពុទ្ឋព្រះនាមនាគមនោក៏ត្រាស់ប្រាប់ដូចព្រះពុទ្ឋមុនទៀត ។ ពេលព្រះពុទ្ឋ ព្រះនាមកស្សបោបានត្រាស់ដឹងក៏មានហេតុដូចគ្នា។ ទើបមកដល់ព្រះសម្ពុទ្ឋព្រះនាមសមណគោត្តម យើង នេះ ព្រះអង្គទ្រង់ត្រាស់ថា “ចាំមើលព្រះបាទពិម្ពិសារជាញាតិរបស់អ្នកទាំងឡាយទ្រង់ឲ្យទានដល់តថាគត នោះនឹងញាំងអាហារឲ្យសំរេចដល់អ្នកទាំងឡាយ”។ លុះព្រះបាទពិម្ពិសារបានថ្វាយទានជាដំបូង ហើយមិន ផ្សាយទៅឲ្យពួកញាតិក៏ស្រាប់តែពួកប្រេតជាញាតិទាំងឡាយនោះយំស្រែកទ្រហឹងក្នុងពេលរាត្រីនោះ។
ព្រះបាទពិម្ពិសារស្តេចយាង ទៅកាន់វត្តវេឡុវ័ន ហើយទូលសួរព្រះពុទ្ឋ ព្រះអង្គត្រាស់ថា “ពួកប្រេតជាញាតិ របស់ព្រះអង្គនាំគ្នាយំទារអាហារ ព្រោះពួកប្រេតទាំងនោះត្រូវបាន អាហារបរិភោគក្នុងសាសនាតថាគត”។ ប៉ុន្តែព្រះអង្គបានធ្វើបុណ្យហើយមិនបានផ្សាយផលទៅឲ្យ។ ពេលព្រះអង្គបានជ្រាបហើយ ក៏ចាត់ចែងធ្វើ បុណ្យបព្ជាូនទៅឲ្យ ។ ពួកប្រេតទាំងនោះក៏បានទទួលផលក្នុងពេលនោះហើយ ។
កម្មវិធីបុណ្យ
ពេលរសៀលថ្ងៃ១៥ កើត ខែភទ្របទ ពុទ្ឋបរិស័ទបានមកជួបជុំគ្នានៅសាលាឆាន់ ។ អ្នកដែលបានព្រម ទទួលបន្ទុកចំណាយប្រាក់កាសក្នុងការទិញម្ហូបអាហារ ភេសជ្ជៈ ឬរណ្ដាប់រៀបចំពិធីសំរាប់ថ្ងៃទី១ គឺថ្ងៃ១ រោច ខែភទ្របទ ដែលគេនិយមហៅថា កាន់បិណ្ឌ ហើយថាបិណ្ឌ១គេត្រូវមកកាន់ទីវត្ត ដើម្បីដំណើរ ការពិធីដូចេគទៅ ៖
១-អ្នកកាន់វេន និងពុទ្ឋបរិស័ទទាំងអស់ នាំគ្នារៀបចំបាយបិណ្ឌ ។ បាយបិណ្ឌគឺជាបាយដែលគេដាំពីអង្ករ ដំណើបហើយពួតលាយជាមួយគ្នានេះដែរ គេត្រូវរៀបចំពានបិណ្ឌ ឬ ហៅជើងបិណ្ឌនោះជាពីរចំណែក ទុកប្រគេនព្រះសង្ឃមួយចំណែក សំរាប់ឧទ្ឋិសដល់អ្នកដែលចែកឋានទៅ និងជូនអាចារ្យមួយចំណែកនៅ ថ្ងៃកាន់បិណ្ឌរបស់គេ ដើម្បីជាការដឹងគុណដែលលោកហត់នឿយជួយចាត់ចែងពិធី ។ ការរៀបជើងបិណ្ឌ មានដាក់ផ្លែឈើ គ្រប់មុខ នំ អង្ករ ប្រាក់កាសខ្លះតាមសទ្ឋា និង ចំណូលចិត្តរបស់អ្នកកាន់បិណ្ឌ ឬអ្នកដទៃ ផ្សេងទៀតដែលគេបានយកមកដាក់ចូលរួមជាមួយដែរ ។ គេពួតបាយធ្វើជាផ្កាបិណ្ឌទៀត កំណត់រាប់តាម ចំនួនវេនបិណ្ឌ ។ ឧបមា ថ្ងៃបិណ្ឌ៥ គេធ្វើ៥ ថ្ងៃបិណ្ឌ១០ គេធ្វើ១០ដែរ ។ ផ្កាបិណ្ឌនេះគេធ្វើដោយ សន្លឹកចេកកេវជាកន្ទោងរួចកាត់ចេកទុំមួយចំណិតញាត់ត្រង់កំពូលស្រួច ហើយញាត់បាយដំណើបរហូត ដល់ពេញរួចបានផ្កាប់បញ្ឈរចេញជារាងសាជី គេដោតទង់តូចៗ និងផ្កាចំរុះគ្រប់ពណ៌ពីលើជាលំអ សំរាប់ ឧទ្ឋិសថ្វាយដល់ព្រះចូឡាមណីចេតិយ ។
២-នៅពេលព្រលប់លោកអាចារ្យ អ្នកកាន់វេន និងពុទ្ឋបរិស័ទទាំងអស់ប្រារព្ឋធ្វើពិធីថ្វាយបង្គំព្រះ និង ឧទ្ទិសហៅដួងព្រលឹង អ្នកដែលចែកឋានទៅអញ្ជើញមកទទួលកុសល និងសូត្រប្រតិស្ថានបាយបិណ្ឌ ។
៣-ព្រះសង្ឃនិមន្តចូលក្នុងសាលាឆាន់ ដើម្បីសូត្រធម៌ចំរើនព្រះបរិត្ត និងឧទ្ទិស កុសលបាចទឹកមន្ត គឺពិធី ក្រុងពាលីបាយបិណ្ឌ ។
៤-ព្រះសង្ឃទេសនាច្រើនទេសពីអានិសង្សនៃកុសល ដែលបានឧទ្ទិសដល់អ្នកចែកឋាន ឬពីកុសលផ្សេងៗ ដែលពាក់ព័ន្ឋដល់ពិធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ។
៥-ព្រះសង្ឃ (ប្រធានសង្ឃ) ប្រទានឱវាទខ្លះៗសំរាប់កម្មវិធីបុណ្យនាវេលាទៀបភ្លឺ ។
ថ្ងៃស្អែកពេលជិតភ្លឺវេលាប្រហែលម៉ោង៤ព្រះសង្ឃទូងស្គរជាសញ្ញាដាស់ឲ្យភ្ញាក់ពីដំណេក ដើម្បីដំណើរការ ពិធីបន្តដូចតទៅ ៖
-ព្រះសង្ឃចូលក្នុងព្រះវិហារសូត្រធម៌ថ្វាយបង្គំព្រះ ។ រីឯពុទ្ឋបរិស័ទនិងអ្នកកាន់វេនបិណ្ឌ នាំគ្នាចូល ទៅសាលាឆាន់ អុជទៀន ធូបរៀបចំបាយបិណ្ឌ និងថ្វាយបង្គំព្រះ ។
-ព្រះសង្ឃនិមន្តពីព្រះវិហារចូលមកកាន់សាលាឆាន់ដើម្បីសូត្របរាភវសូត្រ ដែលគេនិយមហៅកាត់ថា “សូត្របរា” ។ បរាភវសូត្រនេះ គឺជាធម៌ដែលចែងពីរឿងវិនាស១២ប្រការ មានអំពើផិតក្បត់ ការលេង ល្បែង៣ប្រការ ស្រី ស្រា ល្បែង ការមិនត្រេកអរក្នុងធម៌ អ្នកមានទ្រព្យសម្បត្តិមិនចិញ្ចឹមមាតា បិតា ការ សេពគប់បុគ្គលពាល ។ល។
-សូត្របរាចប់ ព្រះសង្ឃបង្សុកូល និងឧទ្ទិសបាយបិណ្ឌដល់ប្រេតនរក ។ ក្រោយពេលព្រះសង្ឃសូត្រចប់ អាចារ្យវាយគង ហើយភ្លេងពិណពាទ្យចាប់កំដរពិធី ។
-ភ្លេងប្រគុំកំដរជាហូរហែ ព្រមគ្នាជាមួយព្រះសង្ឃសូត្រធម៌ឧទ្ឋិសជាបន្តបន្ទាប់នោះ ពួកពុទ្ឋបរិស័ទ ទាំងអស់កាន់ចានបាយបិណ្ឌរៀងៗខ្លួនដើរដំរង់ទៅព្រះវិហារដើម្បីប្រទក្សិណ៣ជុំព្រះវិហារ ដែលគេហៅថា “បោះបាយបិណ្ឌ” ។ ពេលដើរជុំវិញព្រះវិហារនោះគេត្រូវដុតធូបប្រាំសរសៃនៅលើចានបាយបិណ្ឌ ។ ឱកាសដើរព័ទ្ឋបានមួយជុំអាចារ្យប្រកាសថា អនុមោទនាលោកអើយ! ទាំងអស់គ្នាស្រែកទទួលថា សាធុ ! រួចគេចាប់យកបាយមួយដុំដាក់ទៅលើដី ឬបោះគ្រវែងទៅកាន់ទីឆ្ងាយហើយដោតធូបមួយសរសៃ ដោត ផ្កាឈូក ឬផ្កាផ្សេងៗមួយទងនៅលើដីដែរ ។ គេធ្វើបែបនេះគំរប់៣ដង។ រីឯបាយបិណ្ឌ និងធូបនៅសល់ គេនាំយកតាមអាចារ្យែដលអញ្ជើញចេញទៅក្រៅវត្តទៅកាន់ទីដែលនៅជិតខ្ទមអ្នកតា ឬក្រោមដើមឈើ ធំៗ ហើយអុជធូប និងចាក់បាយបិណ្ឌទាំងអស់នោះទៅលើដីដើម្បីឲ្យខ្មោចដែលគ្មានបងប្អូន ធ្វើបុណ្យ បញ្ជូនឲ្យ។ អាចារ្យបានហាមមិនឲ្យលាងចាន និងលាងដៃនៅទីនោះឡើយ ព្រោះហាក់ដូចជាអសីលធម៌ដល់ ខ្មោចដែលកំពុងទទួល។ បន្ទាប់ពីចាក់បាយបិណ្ឌទៅលើដីអស់គ្រប់គ្នាហើយ អាចារ្យធ្វើពិធីបង្សុកូល ច្រូចទឹកលើនំចំណី និងបាយបិណ្ឌឲ្យប្រេតទាំងនោះ ដែលមកចាំទទួលដែរ តែគ្មានញាតិសន្តានឧទ្ទិសឲ្យ ។
-បន្ទាប់ពីចប់កិច្ចក្រៅវត្ត ពុទ្ឋបរិស័ទទាំងអស់បានចូលមកកាន់សាលាឆាន់វិញ ដើម្បីរៀបចំប្រគេន ព្រះសង្ឃឆាន់ពេលព្រឹក។
-ព្រះសង្ឃបានរៀបចំពិធីបង្សុកូល ដើម្បីឲ្យពុទ្ឋបរិស័ទរាប់បាត្រ ។
-ចាប់ពីម៉ោង៨ព្រឹកទៅគេសង្កេតឃើញថា មានអ្នកស្រុក អ្នកភូមិបានយកបាយ ម្ហូប នំចំណី ផ្លែឈើ គ្រប់មុខជាបន្តបន្ទាប់ដើម្បីប្រគេនព្រះសង្ឃឆាន់ត្រង់ និងរាប់បាត្រជាបណ្ដើរៗរហូតដល់ម៉ោង១១ ។
-ម៉ោង១១អាចារ្យទូងស្គរម្តងទៀត ដើម្បីប្រជុំព្រះសង្ឃឆាន់ថ្ងៃត្រង់ ។
-ពុទ្ឋបរិស័ទប្រជុំគ្នាថ្វាយបង្គំព្រះ និងសមាទានសីលចប់ព្រះសង្ឃធ្វើពិធីដារឆ្លង ដើម្បីជាកិច្ចបញ្ចប់បុណ្យ នៃវេននីមួយៗ ។
កម្មវិធីដែលដំណើរការបានកន្លងមកហើយនោះ បានអនុវត្តជាបន្តបន្ទាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ គឺវេនទី១ ឬបិណ្ឌ១ រហូតដល់វេនទី១៤ ឬបិណ្ឌ១៤ ។ ចំណែកថ្ងៃទី១៥ រោច ខែភទ្របទ គឺជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ” ព្រោះគឺជាការប្រជុំអ្នកកាន់វេន ព្រមទាំងពុទ្ឋបរិស័ទដើម្បីឆ្លងបញ្ចប់បុណ្យ ។ ឯកិច្ចឆ្លងកុសល នេះគេរៀបចំដូចវេននីមួយៗដែរ គ្រាន់តែថ្ងៃទី១៥ អ្នកកាន់វេនមកចូលរួមគ្រប់គ្នា ចំណែកពុទ្ឋបរិស័ទ ក៏បានមកចូលរួមច្រើនកុះករលើសថ្ងៃមុនៗ ។
ចំណែកតាមគេហដ្ឋាន នៅពេលក្របីចូលក្រោល ប្រជារាស្ត្រខ្មែរបានរៀបចំសែនដូនតា ដោយមានរៀប កំរាលស ពីលើខ្នើយប្រវែងប្រហែលពីរម៉ែត្រ ដាក់សំលៀកបំពាក់ឆ្វេងស្តាំ ។ រណ្ដាប់ហូបចុកមាន ម្លូស្លាបារី បង្អែម ចំអាប ផ្លែឈើ ភេសជ្ជៈ និងទឹកមួយផ្តិលបង់ផ្កាម្លិះផង ។ នៅលើចានម្ហូបអាហារ ផ្លែឈើសុទ្ឋតែបានអុជធូបមួយសរសៃ ដើម្បីឲ្យបានជ្រោប ហើយអុជទៀនបំភ្លឺព្រោងព្រាតផង។
នៅពេលល្ងាចនោះដែរ គេបានយកស្រទបចេក ឬដើមចេកមករចនាធ្វើជាទូក ឬ សំពៅទុកសំរាប់ព្រឹកស្អែក ពេលព្រះអាទិត្យជិតរះច្បាស់ ដើម្បីជូនដូនតាជិះត្រឡប់វិលទៅទីស្នាក់អាស្រ័យវិញ ។ នៅលើទូក ឬ សំពៅនោះដែរ គេដាក់ថង់តូចៗដែលមានដាក់ស្រូវ អង្ករ អំបិល ពោត សណ្ដែក ល្ងឆៅ …សំរាប់ទុកជូនដូនតាហូបចុកបន្តទៀត ។
ប្រភពពី http://www.khmeronline.info/update/book01/story_5.htm